(តូក្យូ)៖ ព្រះអង្គម្ចាស់ជប៉ុន ណារុហ៊ីតុ (Naruhito) មានព្រះជន្ម៥៦ព្រះវស្សា បានមានព្រះបន្ទូលថា ទ្រង់បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីធ្វើជាព្រះចៅអធិរាជបន្ទាប់ពីព្រះបិតារបស់ទ្រង់គឺព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) គ្រោងនឹងដាក់រាជ្យនៅឆ្នាំក្រោយនេះ។ ទន្ទឹមគ្នានោះដែរទ្រង់ ណារុហ៊ីតុ បានសន្យាថានឹងក្លាយជាព្រះចៅអធិរាជជប៉ុនដូចព្រះបិតា ដែលចែករំលែកការឈឺចាប់ និងភាពសប្បាយរីករាយជាមួយប្រជាជនរបស់ទ្រង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
បច្ចុប្បន្នរដ្ឋាភិបាលជប៉ុនកំពុងពិចារណាថា តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីអាចឱ្យទ្រង់ អាគីហ៊ីតុ ដាក់រាជ្យ ដោយស្របច្បាប់ក្រោយព្រះអង្គផ្ទាល់ បានបង្ហាញព្រះទ័យដាក់រាជ្យនេះកាលពីខែសីហា ឆ្នាំ២០១៦ ក្រោមហេតុផលព្រះជន្ម៨៣ព្រះវស្សា និងបានទទួលការវះកាត់ជំងឺបេះដូងដែលកំពុងស្ថិតនៅក្រោមការព្យាបាលព្រះរោគមហារីកក្រពេញប្រូស្ដាត។
ដោយឡែកកាលពីខែមករា កន្លងទៅសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយថា ព្រះចៅ អាគីហ៊ីតុ អាចនឹងដាក់រាជ្យនៅឆ្នាំក្រោយនេះ រីឯព្រះអង្គម្ចាស់ ណារុហ៊ីតុ អាចនឹងឡើងសោយរាជ្យនៅខែមករា ឆ្នាំ២០១៩ ខណៈរដ្ឋាភិបាលជប៉ុននឹងដាក់ច្បាប់ពិសេសស្ដីពីដាក់ រាជ្យជូនសភាពិនិត្យក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទ្រង់ ណារុហ៊ីតុ មានបន្ទូលដូច្នេះថា « ក្នុងនាមជានិមិត្តរូបតំណាងឱ្យរដ្ឋ និងប្រជាជនជប៉ុន ខ្ញុំនឹងធ្វើជាព្រះចៅអធិរាជដូចព្រះបិតារបស់ខ្ញុំ (...) ខ្ញុំនឹងចែករំលែករឿងឈឺចាប់ និងភាពរីករាយជាមួយនឹងប្រជាជន»។
គួរបញ្ជាក់ថាពេលវេលាចុងក្រោយនៃការដាក់រាជ្យនៃព្រះចៅអធិរាជប៉ុន ធ្វើឡើងកាលពីឆ្នាំ១៨១៧ ហើយចាប់ពីពេលនោះមក ការដាក់រាជ្យបែបនេះមិនត្រូវបានអនុញ្ញាតទៀតនោះទេ៕