(រីយ៉ូ)៖ រដ្ឋមន្ត្រីការបរទេសប្រេស៊ីលោក Jose Serra បានលាលែងចេញពីតំណែងហើយនៅថ្ងៃពុធ សប្តាហ៍នេះក្រោយពីអការៈជំងឺរបស់លោកកាន់តែធ្លាក់ដុនដាប។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លិខិតស្នើសុំលាលែងពីតំណែងលោក Serra ត្រូវបានបញ្ជូនទៅដល់ការិយាល័យលោកប្រធានាធិបតេយ្យប្រេស៊ីល Michel Temer ហើយដោយក្នុងនោះបានបញ្ជាក់ថាត្រឹមតែថា «បញ្ហាសុខភាព គឺជាមូលហេតុសម្រាប់ការលាលែងរបស់លោក»។ ប៉ុន្តែសម្រាប់ភាពលម្អិតនៃជំងឺលោកជាអ្វីឲ្យប្រាកដនោះ មិនមានការបញ្ជាក់ឲ្យបានលម្អិតនោះឡើយ។
គួរបញ្ជាក់ថាលោក Serra ទើបតែបានឡើងកាន់តួនាទីជា រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីលកាលពីខែឧសភា ឆ្នាំ២០១៦ ប៉ុណ្ណោះក្រោយពេលដែលលោកស្រី ឌីលម៉ា រួសេហ្វ ធ្លាក់ចេញពីអំណាចហើយនៅចុងឆ្នាំ២០១៦លោកបានទទួលការវះកាត់ឆ្អឹងខ្នង ដែលជាអការៈដ៏ធ្ងន់ធ្ងរមួយផងដែរ៕