(គូឡាឡាំពួរ)៖ មេបញ្ជាការប៉ូលិសម៉ាឡេស៊ីលោក Khalid Abu Bakar បានចេញមុខបដិសេធភ្លាមៗ ចំពោះព័ត៌មានដែលថាទីក្រុងគូឡាឡាំពួរ នឹងបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅកាន់ទីក្រុងម៉ាកាវ ដើម្បីស្នើសុំ DNA ពីកូនប្រុសរបស់លោក គីម ជុងណាំ គឺលោក គីម ហាន់សូល ខណៈមកទល់នឹងពេលនេះ ពុំទាន់មានគ្រួសារសាច់ញាតិណាម្នាក់មកបញ្ជាក់ពីអត្តសញ្ញាណ និងទាមទារយកសាកសពបុរសម្នាក់ ដែលគេជឿថាជាលោក គីម ជុងណាំ នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រតិកម្មរបស់លោក Khalid Abu Bakar ធ្វើឡើងបន្ទាប់ពីសារព័ត៌មាននៅក្នុងស្រុករាយការណ៍ថា ប៉ូលិសម៉ាឡេស៊ី នឹងបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅកាន់ទីក្រុងម៉ាកាវ ដើម្បីស្នើសុំ DNA ពីកូនប្រុសរបស់លោក គីម ជុងណាំ។ មេបញ្ជាការប៉ូលិសរូបនេះបានប្រាប់សារព័ត៌មាន Channel News Asia ថាប៉ូលិសម៉ាឡេស៊ីមិនទាន់សម្រេចចិត្តធ្វើបែបនេះនោះទេ ហើយពេលសួរថាតើ គេរង់ចាំគ្រួសារសាច់ញាតិមកយកសពលោក គីម ជុង ណាំ ដល់ពេលណា? លោក Abu Bakar ឆ្លើយយ៉ាងខ្លីថា «យើងនឹងផ្ដល់ពេលវេលាបន្ថែមទៀតដល់ពួកគេ»។
គួរបញ្ជាក់ថាលោក គីម ជុងណាំ ត្រូវគេជឿជាក់ថាត្រូវបានគេធ្វើឃាតនៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយអ្វីដែលគេអាចបញ្ជាក់បាននៅពេលនេះ គឺបុរសដែលស្លាប់នោះកាន់លិខិតឆ្លងដែនឈ្មោះ គីម ចុល ខណៈកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ក៏បានស្នើឱ្យបញ្ជាក់ពីអត្តសញ្ញាណផងដែរ តែខាងអាជ្ញាធរម៉ាឡេស៊ី ពុំទាន់ធ្វើតាមសំណើនេះនៅឡើយទេ៕