(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសការស៊ើបអង្កេត ក៏ដូចជាការធ្វើកោសល្យវិច័យ លើសាកសពលោក គីម ជុងណាំ របស់អាជ្ញាធរម៉ាឡេស៊ីថាជា «ទង្វើខុសច្បាប់ និងប្រាសចាកពីសីលធម៌» ព្រមទំាងបានច្រានចោលផងដែរ ការចោទប្រកាន់ពីរដ្ឋាភិបាលទីក្រុង សេអ៊ូល ដែលថា ទីក្រុងព្យុងយ៉ាង ជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ ដោយចាត់ទុកថា វាគ្រាន់តែជាការរួមគំនិតគ្នាប្រឆាំងនឹងខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហ្សស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងប្រតិកម្មផ្លូវការជាលើកដំបូងរបស់ខ្លួនពាក់ព័ន្ធនឹងឃាតកម្មលើ លោក គីម ជុងណាំ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានអះអាងថា រដ្ឋា ភិបាលម៉ាឡេស៊ី បានចូលដៃចូលជើងជាមួយកូរ៉េខាងត្បូង នៅក្នុងការស៊ើបអង្កេត ហើយថាទីក្រុងសេអ៊ូល ជាអ្នកនៅពីក្រោយការរួមគំនិតគ្នានេះ។
សារព័ត៌មាន KCNA បាននិយាយដូច្នេះថា៖ «អ្វីដែលយើងគួរតែចាប់អារម្មណ៍នៅពេលនេះ នោះគឺសកម្មភាពទុច្ចរិតរបស់ ភាគីម៉ាឡេស៊ី ក្នុងការរៀបចំគំរោងមួយឡើង ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង ក្រោមការសម្របសម្រួលពីកូរ៉េខាងត្បូង»។ ប៉ុន្តែយ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះ មិនបានបញ្ជាក់ថា បុរសដែលស្លាប់នោះគឺជាលោក គីម ជុងណាំ នោះទេ។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង របបដឹកនាំទីក្រុងព្យុងយ៉ាង ជាអ្នកបញ្ជាឱ្យគេសម្លាប់លោក គីម ជុងណាំ។ តែរហូតមកទល់ ពេលនេះទីក្រុងព្យុងយ៉ាង នៅតែអះអាងថា បុរសម្នាក់ដែលបានស្លាប់នៅឯអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី១៣ ខែកុម្ភៈ មិនមែនជាលោក គីម ជុងណាំ ហើយសូម្បីតែ លទ្ធផលកោសល្យវិច័យ ឬការបញ្ជាក់ពីអត្តសញ្ញាណជាផ្លូវការ ក៏ពុំទាន់ត្រូវបានគេ ចេញផ្សាយជាសាធារណៈដែរ៕