(វ៉ាស៊ីនតោន)៖ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងដំណើរការឡើងវិញនូវកិច្ចសន្ទនា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ព្រមទាំងអង្គុយហូបប៊ឺហ្គឺ ជាមួយបុរសខ្លាំងលេខមួយគ្មានពីរ នៃរបបដឹកនាំទីក្រុងព្យុងយ៉ាងរូបនេះទៀតផង។ តើនេះគ្រាន់តែជាពាក្យសម្ដីនិយាយឱ្យតែបាន ឬក៏អាចនឹងកើតឡើងនៅថ្ងៃណាមួយ? ខណៈភាគីទាំងពីរនៅតែបន្តពាក់មុខយក្សដាក់គ្នា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
កាលពីថ្ងៃអាទិត្យកន្លងទៅ កាសែត Washington Post បានឱ្យដឹងថា ក្រុមមន្ត្រីអាមេរិក គ្រោងនឹងជួបពិភាក្សាការងារជាមួយ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ក្នុងទីក្រុង វ៉ាស៊ីនតោននាពេលដ៏ខ្លីខាងមុខនេះ ហើយបើសិនជារឿងនេះកើតឡើងមែននោះ វានឹងអាចជាពន្លឺនៃក្ដីសង្ឃឹមថ្មីមួយ សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដោយឡែកជុំវិញបញ្ហានេះដែរ អ្នកជំនាញរុស្ស៊ីផ្នែកកិច្ចការកូរ៉េ លោក Alexandre Vorontsov យល់ថា កិច្ចពិភាក្សាបែបនេះ មានភាគរយតិចណាស់ថា នឹងអាចកើតឡើង ត្បិតលោកយល់ថា កូរ៉េខាងជើង និងសហរដ្ឋអាមេរិក នៅតែប្រកាន់គោលនយោបាយ អរិភាពដាក់គ្នាទៅវិញមក ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលរបស់ទីក្រុង ព្យុងយ៉ាង នាពេលថ្មីៗនេះ ជាពិសេសទៅទៀតនោះគឺរឿងឃាតកម្មលើលោក គីម ជុងណាំ តែម្ដង ដែលសហរដ្ឋអាមេរិក ចោទថា លោក គីម ជុងអ៊ុន ជាអ្នកនៅពីក្រោយ។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់លោក Alexandre Vorontsov សហរដ្ឋអាមេរិក មានផ្លូវតែមួយគត់ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង នោះគឺកិច្ចចរចា ហើយបើវាអាចធ្វើបានពិតមែន រុស្ស៊ីក៏គ្មានជំរើសអ្វីក្រៅតែពីសាទរនោះដែរ។
គួរជំរាបជូនថា ទាំងរុស្ស៊ី និងចិន មិនចង់ឃើញកូរ៉េខាងជើង ចេះតែបង្ករឿងឥតឈប់ឈរនោះទេ ពីព្រោះពួកគេសុទ្ធតែព្រួយបារម្ភខ្លាចក្រែងសហរដ្ឋអាមេរិកយកលេស នេះធ្វើជាហេតុផលពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់ និងដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដែលទំាងទីក្រុងប៉េកំាង និងទីក្រុងមូស្គូ គិតថា នឹងក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួននៅថ្ងៃណាមួយ៕