(ប៉េកាំង)៖ ក្រសួងកសិកម្មរបស់ចិននៅថ្ងៃពុធនេះ បានអំពាវនាវឲ្យមានការការពារកាន់តែល្អប្រសើរឡើង ទៅលើការរីករាលដាល នៃជំងឺផ្តាសាយបក្សី H7N9 បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានការឆ្លងមកកាន់មនុស្ស នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Yu Kangzhen បានហៅជំងឺនេះថា «ជាការស្មុគស្មាញ និងពិបាកដោះស្រាយ»។ លោកបានបញ្ជាឲ្យភ្នាក់ងារកសិកម្មក្នុងតំបន់បង្កើនការគ្រប់គ្រង ទៅលើទីផ្សារសត្វបក្សី និងបង្កើនកម្មវិធីកម្ចាត់មេរោគ ដើម្បីបន្ថយហានិយភ័យ។ លោកបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលជំងឺ ទៅលើសត្វផ្សេងទៀត និងអំពាវនាវឲ្យជួយបង្កើន ឧស្សាហកម្មសត្វបក្សី។
គិតចាប់តាំងពីខែមករា យ៉ាងហោចណាស់មាន២៧០ករណី នៃជំងឺផ្កាសាយបក្សី H7N9 បានឆ្លងមកលើមនុស្ស នៅក្នុងប្រទេសចិន ជាមួយនឹងមនុស្ស៨៧នាក់បានស្លាប់។ ស្ថានភាពនេះបានក្រុមអាជ្ញាធរសុខាភិបាល ធ្វើការយ៉ាងឆាប់រហ័ស ក្នុងការបង្កើនការការពារ និងវិធានការគ្រប់គ្រង ក្នុងនោះរួមទាំងការហាមឃាត់ ការជួញដូរសត្វបក្សីនៅរស់ នៅកន្លែងដែលករណីជំងឺ H7N9 បានកើតឡើងផងដែរ។
សូមជម្រាបថា ជំងឺ H7N9 ត្រូវបានគេរាយការណ៍ជាលើកដំបូង ថាបានកើតមានលើខ្លួនមនុស្ស នៅប្រទេសចិន ក្នុងខែមិនា ឆ្នាំ២០១៣ ហើយភាគច្រើន វាតែងតែកើតឡើងនៅរដូវរងា និងនិទាឃរដូវ៕