(ប៉េកាំង)៖ ក្រុមហ៊ុនរដ្ឋចិន Zhenhua Oil បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ជាមួយក្រុមហ៊ុន Chevron ដើម្បីទិញយក វាលចំរាញ់ឧស្ម័នធម្មជាតិ និងប្រេង ដ៏ធំរបស់ក្រុមហ៊ុនអាមេរិកមួយនេះ នៅប្រទេសបង់ក្លាដែស ក្នុងតម្លៃ២ពាន់លានដុល្លារ។ នេះបើតាមប្រភពព័ត៌មានពីក្រុមហ៊ុនប្រេងចិនចំនួន២ មានមូលដ្ឋានក្នុងទីក្រុង ប៉េកាំង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
Zhenhua Oil គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនឧស្សហកម្មរដ្ឋចិនដ៏ធំឈ្មោះ NORINCO។ នៅក្នុងករណីដែលកិច្ច ព្រមពៀងទិញនេះ ត្រូវបានបញ្ចប់ទំាងស្រុង នោះវានឹងក្លាយជាការវិនិយោគលើវិស័យថាមពលដ៏ធំបំផុតមួយ នៅក្នុងប្រទេស បង់ក្លាដែស ជាទីដែលចិនកំពុងប្រជែងយកឥទ្ធិពលជាមួយឥណ្ឌា និងជប៉ុន។ តែទោះបីជាយ៉ាងណាអ្នកនាំពាក្យក្រុមហ៊ុន Zhenhua Oil លោក Zhang Xiaodi បានបញ្ជាក់យ៉ាងខ្លីថា៖ «ដោយសារតែកិច្ចព្រមព្រៀងនេះកំពុងស្ថិតនៅក្នុងការចរចារ នៅឡើយ ដូច្នេះខាងក្រុមហ៊ុន ពុំទាន់អាចធ្វើការអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធគោលនយោបាយរបស់ខ្លួននោះទេ»។
គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៥ ក្រុមហ៊ុន Chevron ធ្លាប់បានប្រកាសថាខ្លួនមានបំណងលក់ទ្រព្យសកម្មរបស់ខ្លួន ក្នុងតម្លៃ១០ពាន់លានដុល្លារ នៅឆ្នាំ២០១៧ ក្នុងនោះរួមមានទំាងគំរោងផលិតថាមពលកំដៅ នៅប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ក៏ដូចជាវាលចំរាញ់ឧស្ម័នធម្មជាតិ និងប្រេង នៅប្រទេសបង់ក្លាដែស ក្រោមហេតុផលតម្លៃថាមពលនៅទីផ្សារ ពិភពលោកធ្លាក់ចុះ៕