(អូតាវ៉ា)៖ រដ្ឋាភិបាលកាណាដាគ្រោងធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះជនភៀសខ្លួនប្រមាណ ១,២០០នាក់ដែលបានប្រឈមមុខនឹងសេចក្តីស្លាប់នៅក្រោមកណ្តាប់ដៃដ៏ឃោឃៅរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអន្តោប្រវេសន៍នៃប្រទេសកាណាដា ដែលត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Ahmeh Hussen រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ប្រទេសកាណាដាបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «ពួកយើងតែងតែមានប្រពៃណីក៏ដូចជាទំនៀមទម្លាប់ក្នុងការផ្តល់ការពារដោយឈរលើគោលការណ៍ មូលដ្ឋាននៃការងាយនឹងរងគ្រោះ និងមិនមែនផ្អែកលើសាសនា ឬមួយក៏ជាតិសាសន៍ណាមួយនោះឡើយ តួយ៉ាងការឆ្លើយតបរបស់យើងគឺកំពុងផ្តោតសំខាន់លើជនទាំងឡាយដែលបានរួចរស់ពីចង្កូមមច្ចុរាជ ISIS»។
គួរបញ្ជាក់ថាយោងតាមលោក Hessen ជនភៀសខ្លួនប្រមាណ ៤០០នាក់នឹងធ្វើដំណើរមកដល់ប្រទេសកាណាដា ដែលជាទីលំនៅថ្មីរបស់ពួកគេនៅថ្ងៃពុធសប្តាហ៍នេះ ហើយជនភៀសខ្លួនដែលនឹងទទួលបានជំនួយពីរដ្ឋាភិបាលកាណាដា ត្រូវគេរំពឹងថាភាគច្រើនគឺជាស្រ្តីភេទកុមារ និងសមាជិកនៃក្រុមគ្រួសាររបស់ពួកគេដែលជាជនជាតិភាគតិច Yazidi។ ម៉្យាងវិញទៀតការចំណាយទៅការហូបចុកក៏ដូចជាស្នាក់អាស្រ័យរបស់ជនភៀសខ្លួនទាំងអស់នេះត្រូវបានគេធ្វើការប៉ាន់ប្រមាណថា មានចំនួនប្រហែល២២លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកជនជាតិ Yazidis គឺជាជនជាតិភាគតិចនិយាយភាសាឃើដ ដែលភាគច្រើនរស់នៅតាមតំបន់ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ហើយដោយសារសាសនាដ៏បុរាណរបស់ពួកគេបានធ្វើឲ្យពួកគេបានគោលដៅចម្បង នៃការសម្លាប់ផ្នែកសាសនាដោយក្រុម ISIS៕