(ហាណូយ)៖ ក្រុមវេជ្ជបណ្ឌិតនៃប្រទេសវៀតណាម បានធ្វើការវះកាត់ផ្លាស់ប្តូរសួតដោយជោគជ័យជាដំបូងនៅក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមសេចក្តីប្រកាសរបស់មហាវិទ្យាល័យសុខាភិបាលយោធាវៀតណាម (VMMU) ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហាវិទ្យាល័យសុខាភិបាលខាងលើ នៅក្នុងទីក្រុងហាណូយ គ្រូពេទ្យឆ្នើមជាច្រើននាក់មកពី VMMU រួមទាំងមន្ទីរពេទ្យយោធាក្នុងស្រុកចំនួន១០៣កន្លែងផ្សេងទៀត បានរួមគ្នារៀបចំធ្វើការវះកាត់ផ្លាស់ប្តូរសួតដោយជោគជ័យ ទៅលើកុមារម្នាក់ឈ្មោះ Ly Chuong Binh កើតនៅឆ្នាំ២០១០។ ចំណែកឯអ្នកដែលបានបរិច្ចាគវិញគឺឪពុក (កើតឆ្នាំ១៩៨៩) និងពូ (កើតឆ្នាំ១៩៨៧) បង្កើតរបស់ Binh។
គួរបញ្ជាក់ថាកុមារ Binh បានទទួលរងជំងឺហើមទងសួតកម្រិតធ្ងន់ធ្ងរនៅក្នុងសួតទាំងពីររបស់គេជាមួយបញ្ហាខូចខាតប្រព័ន្ធដកដង្ហើម ក៏ដូចជាជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ ព្រមទាំងកង្វះអាហាររូបត្ថម្ភកម្រិតទីបីថែមទៀតផង។ ដោយឡែកបន្ទាប់ពីទទួលបានការវះកាត់ដោយជោគជ័យរួចរាល់ ស្ថានភាពសុខភាពរបស់អ្នកបរិច្ចាគទាំងពីរនាក់បានវិលទៅរកសភាពប្រក្រតីវិញហើយ រីឯអ្នកជំងឺដែលមានកម្រិតរស់រានមានជីវិតនឹងនរវិញនោះ ក៏កំពុងស្ថិតក្រោមការតាមដានក៏ដូចជាឃ្លាំងមើលនិងទទួលការព្យាបាលយ៉ាងដិតដល់បំផុតផងដែរ៕