(គូឡាឡាំពួរ)៖ ស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី បានចេញសេចក្តីអំពាវនាវមួយឲ្យសមត្ថកិច្ចធ្វើការដោះលែងជនសង្ស័យដែលកំពុងជាប់ឃុំចំនួនបីនាក់ជាបន្ទាន់ ដោយទូតកូរ៉េខាងជើងអះអាងថា ការចាប់ឃុំខ្លួនពួកគេគឺត្រូវបានធ្វើឡើងដោយគ្មានហេតុផលអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ជនសង្ស័យទាំងបីនាក់ដែលកូរ៉េខាងជើងទាមទារឲ្យដោះលែងនោះមានដូចជា ស្ត្រីជនជាតិវៀតណាមម្នាក់, ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់, និងបុរសកូរ៉េខាងជើងម្នាក់ផងដែរ។ លោក គីម ជុងណាំ បងប្រុសរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងត្រូវបានគេធ្វើឃាតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ខណៈដែលលោក គីម ជុងណាំ គ្រោងធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវប្រទេសចិនវិញនៅថ្ងៃទី១៣ ខែកុម្ភៈនោះ។
រហូតមកទល់នឹងពេលនេះ រឿងក្តីលោក គីម ជុងណាំ នៅតែបន្តការប្រទាញប្រទង់ ខណៈសមត្ថកិច្ចម៉ាឡេស៊ីទើបកំណត់បានជនសង្ស័យពីររូបទៀតដែលសុទ្ធតែជាជនជាតិកូរ៉េខាងជើង ក្នុងនោះរួមមានទាំងមន្ត្រីទូតកូរ៉េខាងជើងម្នាក់ផងដែរ។ ប៉ុន្តែរឿងប៉ូលិសស្នើសុំសួរចម្លើយមន្ត្រីទូតកូរ៉េខាងជើងដ៏គួរឲ្យសង្ស័យរូបនោះ នៅមិនទាន់ទទួលបានការអនុញ្ញាតពីស្ថានទូតកូរ៉េខាងជើងនោះឡើយ។ បន្ថែមពីនេះ អាជ្ញាធរក៏មិនទាន់មានព័ត៌មានស្តីពីសាច់ញាតិលោក គីម ជុងណាំ មកស្នើសុំធ្វើតេស្ត DNA ដើម្បីទទួលយកសាកសពលោកនៅឡើយដែរ៕