(ប៉ារីស)៖ ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus ត្រូវចំណាយទឹកប្រាក់ជាង ១.២លានអឺរ៉ូ (១.២ពាន់លានដុល្លារអាមេរិក) សម្រាប់កម្មវិធីផលិតយន្ដហោះយោធាធុន A400M ដែលតម្រូវឲ្យក្រុមហ៊ុនមួយនេះ ស្នើសុំឱ្យមានកិច្ចពិភាក្សាជាថ្មីទៀតជាមួយបណ្ដាប្រទេសអឺរ៉ុប ដែលជាអតិថិជនរបស់ខ្លួនដើម្បីទប់ស្កាត់វិបត្តិហិរញ្ញវត្ថុនៅពេលអានាគត ខណៈផលចំណេញដុលបានធ្លាក់ចុះដល់ទៅ ៦៣% ឬ៩៩៥លានអឺរ៉ូក្នុងឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ការចំណាយប្រាក់ខាតបង់លើយន្តហោះយោធា A400M បន្ថែមលើនេះ ធ្វើឲ្យការចំណាយបូកថែមនឹងឆ្នាំមុនទៀតកើនឡើងដល់ ២.២ពាន់លានអឺរ៉ូ ហើយក៏ជាតម្លៃសរុបចាប់ពីគំរោងការការពារជាតិធំបំផុតរបស់អឺរ៉ុប ត្រូវបានដាក់ចេញកាលពីមួយទសវត្សរ៍មុន ដែលមានទឹកប្រាក់រហូតដល់ ៦ពាន់លានអឺរ៉ូផងដែរ។ ដោយឡែកសម្រាប់ការលក់ចេញនូវយន្តហោះនានារបស់ Airbus ក៏កំពុងបង្ហាញសញ្ញាថាធ្លាក់ចុះផងដែរ ដែលក្រុមហ៊ុនកំពុងស្វែងរកកិច្ចចរចាជាមួយបណ្តាប្រទេសជាអតិថិជន ដើម្បីទប់ស្តាត់ការខាតបង់បន្ថែម។
ទោះបីជាណាក្រុមអ្នជំនាញរំពឹងថា ប្រាក់ចំណូលនៃប្រតិបត្តិការអាជីវកម្មពេញមួយឆ្នាំរបស់ក្រុមហ៊ុន Airbus អាចនឹងធ្លាក់ចុះ ៧,៣ភាគរយបន្ថែមទៀត មុននឹងអាចកើនឡើងវិញដល់ ៣.៨៣ពាន់លានអឺរ៉ូ តាមរយៈការលក់សរុបកើនឡើង ០.៧ភាគរយ ឬស្មើនឹង៦៤.៩១៩ពាន់លានអឺរ៉ូ។ ក្រុមហ៊ុនដែលកំពុងតែប្រកួតប្រជែងនឹង Airbus ខ្លាំងបំផុតនោះគឺ Boeing តែម្តង ដែលក្រុមហ៊ុនយក្សរបស់អាមេរិកនេះកំពុងតែកាក់កបខ្លាំងណាស់ក្នុងការលក់យន្តហោះគ្រប់ធុន៕