(ប៉េកាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលចិននៅថ្ងៃពុធបានលើកឡើងថាការអភិវឌ្ឍទំនាក់ទំនងប្រកបដោយសន្តិភាពរវាងទីក្រុងប៉េកាំងនិងតៃវ៉ាន់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដើម្បីធានារក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ទាំងមូល ខណៈក្រុមចលនាបំបែករដ្ឋដែលចង់ទាមទារឯករាជ្យឲ្យតៃវ៉ាន់ និងសកម្មភាពដ៏ធ្វេសប្រហែសទាំងឡាយរបស់ពួកគេ គឺជាការគំរាមកំហែងដ៏ធំមហាសាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ដោយធ្វើការអធិប្បាយពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារបស់តៃវ៉ាន់នាពេលថ្មីៗនេះ សំដៅទប់ទល់ការវាយប្រហារណាមួយពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង លោក An Fengshan អ្នកតំណាងការិយាល័យក្រុមប្រឹក្សារដ្ឋចិនសម្រាប់កិច្ចការកោះតៃវ៉ាន់ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «បើសិនជាអ្នកមិនកំពុងព្យាយាមស្វែងរកឯករាជ្យឲ្យតៃវ៉ាន់ទេនោះ តើអ្នកមានអ្វីត្រូវខ្លះទៅ?»។
គួរបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំងបានប្តេជ្ញាយ៉ាងមុតមាំក្នុងការថែរក្សាក៏ដូចជាការពារការអភិវឌ្ឍដោយសន្តិភាពនូវទំនាក់ទំនងចិន-តៃវ៉ាន់ ព្រមទាំងសន្តិភាពនិងស្ថិរភាពនៅទូទាំងតំបន់ទាំងមូល។ បន្ថែមពីរដ្ឋាភិបាលចិនក៏បានអំពាវនាវឲ្យអាជ្ញាធរតៃវ៉ាន់ធ្វើការស្វែងយល់ពីស្ថានការណ៍នៅចំពោះមុខបច្ចុប្បន្នឲ្យបានច្បាស់លាស់ផងដែរ ហើយត្រឡប់ទៅគោរពតាមគោលការណ៍មូលដ្ឋាននៃកិច្ចព្រមព្រៀងឆ្នាំ១៩៩២វិញ ដែលទទួលស្គាល់ថាកោះតៃវ៉ាន់គឺជាកម្មសិទ្ធរបស់ចិនតែមួយប៉ុណ្ណោះ៕