(ប៉េកាំង)៖ កងទ័ពជើងទឹកចិនបានដឹកនាំការសាកល្បងនាវាបណ្ដុះបណ្ដាលថ្មីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅឯកំពង់ផែទីក្រុង Lyushun ស្ថិតនៅភាគឦសានខេត្ត Liaoning ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរនៅរសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
នាវា Qijiguang មានបណ្ដាយ១៦៣ម៉ែត្រ និងទទឹង២២ម៉ែត្រជាមួយនឹងទម្ងន់ ៩,០០០តោននិងអាចរត់បានក្នុងល្បឿនអតិបរាមា ២២ knots (ខ្នាតល្បឿននាវាស្មើនឹង ៤០.៧គីឡូម៉ែត្រ/ម៉ោង) ហើយដែលវាគឺជាប្រភេទនាវាបណ្ដុះបណ្ដាលដ៏ធំ និងទំនើបបំផុតមួយនៃកងទ័ពជើងទឹកចិន។ បន្ថែមពីលើនេះនាវា Qijiguang អាចមានសមត្ថភាពដឹកកងទ័ពជើងទឹក ឬក៏ក្រុមមន្ត្រីទទួលការបណ្ដុះបណ្ដាលជាង៤០០នាក់នៅលើផ្ទៃសាគរ ព្រមទំាងអាចប្រើប្រាស់ នៅក្នុងប្រតិបត្តិការសង្រ្គោះបន្ទាន់ នៅពេលមានគ្រោះមហន្ដរាយធម្មជាតិ និងប្រតិបត្តិការនានាមិនមែនយោធាថែមទៀតផង។
គួរបញ្ជាក់ថា Qijiguang គឺជាឈ្មោះមេទ័ពចិនម្នាក់នៅក្នុងសម័យរជ្ជកាលម៉េង Ming (១៣៦៨-១៦៤៤) និង ត្រូវបានប្រជាជនចិនចាត់ទុកជាវីរៈបុរសដែលបាន ការពារទឹកដីនៅតំបន់ឆ្នេរភាគខាងកើតប្រទេស ពីការលុកលុយរបស់ចោរសមុទ្រជប៉ុន នៅអំឡុងស.វទី១៦៕