(ម៉ូស្គូ)៖ ទ័ពអាកាសប្រទេសរុស្ស៊ីកំពុងធ្វើតេស្តសាកល្បង យន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុត Sukhoi T-50 ដែលពោរពេញដោយអនុភាពសម្រាប់ការបំពាក់គ្រាប់មីស៊ីល និងគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងប្រាប់សារព័ត៌មានក្នុងប្រទេសលោក Yuri Borisov អនុរដ្ឋមន្រ្តីនៃក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងយ៉ាងដូច្នេះថា «សព្វាវុធផ្លូវអាកាសរួមមានមីស៊ីលប្របាញ់បាញ់ពីផ្ទៃអាកាសទៅផ្ទៃអាកាស និងពីផ្ទៃអាកាសទៅកាន់ផ្ទៃដី ក៏ដូចជាគ្រាប់បែកកំពុងត្រូវបានបំពាក់ទៅលើយន្តហោះចម្បាំងធុន T-50 ហើយប្រព័ន្ធរបស់យន្តហោះដ៏ទំនើបនេះកំពុងត្រូវបានត្រួតពិនិត្យ និងវាយតម្លៃផងដែរ»។ លោក Borisov បានសង្កត់ធ្ងន់ទៀតថាយន្តហោះចម្បាំងធុន T-50 PAK FA នេះនឹងជួយលើកកម្ពស់សមត្ថភាពប្រយុទ្ធនៃកងយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថាយន្តហោះចម្បាំងខាងលើដែលមានអាកាសយានិកតែម្នាក់គត់ និងម៉ាស៊ីនភ្លោះនោះ គឺជាយន្តហោះចម្បាំងដំបូងគេបំផុតដែលសមត្ថភាពធ្វើប្រតិបត្តិការពេញលេញ ដោយប្រើប្រាស់បច្ចេកវិទ្យាមិនឲ្យប្រព័ន្ធរ៉ាដាចាប់សញ្ញាបាន ឬបច្ចេកវិទ្យាបំបាំងកាយនៅក្នុងកងទ័ពជើងអាកាសរបស់រុស្ស៊ី៕