(សេអ៊ូល)៖ កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនមិនមានបំណង ឬក៏ជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងពីសំណាក់អ្នកនយោបាយជ្រកកោនកូរ៉េខាងជើង ក្នុងការបង្កើត «រដ្ឋាភិបាលនិរទេស» នោះឡើយ ខណៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា ការស្លាប់របស់លោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់ លោក គីម ជុងអ៊ុន អាចមានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនៃគំរោងបង្កើតរដ្ឋាភិបាលនិរទេសនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រតិកម្មនៃរដ្ឋាភិបាលទីក្រុងសេអ៊ូល ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកជាច្រើននំាគ្នាចុះផ្សាយថា ជនសុំសិទ្ធិជ្រកកោននយោបាយកូរ៉េខាងជើងកំពុងស្វះស្វែងបង្កើតរដ្ឋាភិបាលនិរទេសខ្លួន ដើម្បីដាក់សម្ពាធលើការដឹកនាំរបស់លោក គីម ជុងអ៊ុន។ ទោះជាយ៉ាងនេះក្ដី ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានទាត់ចោលគំនិតបែបនេះដោយអ្នកនាំពាក្យ លោក ជុង ជូនហ៊ី (Jeong Joon-hee) បានលើកឡើងដូច្នេះថា «យើងអាចយល់ពីគំនិតចង់បង្រួបបង្រួមជាតិរបស់អ្នកជ្រក កោននយោបាយពីកូរ៉េខាងជើង ក៏ប៉ុន្តែយើងមិនត្រូវការរបៀបនេះឡើយ (ការបង្កើតរដ្ឋាភិបាលនិរទេស) ត្បិតរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងតែមួយគត់ ដែលជាអ្នកស្វែងរកការបង្រួបបង្រួមជាតិ»។
គួរបញ្ជាក់ថាសេចក្ដីរាយការណ៍ទាក់ទិននឹងការបង្កើតរដ្ឋាភិបាលនិរទេសនេះ កើតមានឡើងបន្ទាប់ពីលេចលឺព័ត៌មានស្ដីពីអំពើឃាតកម្មលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ។ ដោយឡែកបើតាមសារព័ត៌មានជប៉ុន Jiji Press អំពើឃាតកម្មនេះអាចមានជាប់ពាក់ព័ន្ធនឹង ទំនាក់ទំនងរវាងលោក គីម ជុងណាំ និងអ្នកនយោបាយជ្រកកោនកូរ៉េខាងជើងជុំវិញគំរោងបង្កើតរដ្ឋាភិបាលនិរទេស៕