(ស៊ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull បានផ្តល់ការប្តេជ្ញាយ៉ាងស្មោះស្ម័គ្រចំពោះវិស័យការពារជាតិជាមួយអ៊ីស្រាអែលនិងថែមទាំងបានធ្វើការរិះគន់អង្គការសហប្រជាជាតិ ហើយបានសន្យាថានឹងមិនគាំទ្រលើសេចក្តីសម្រេច ឬមួយក៏ដំណោះស្រាយដែលមានភាពលម្អៀងក្នុងការសំដៅអំពាវឲ្យបញ្ឈប់ការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅទឹកដីដែលស្ថិតក្រោមការកាន់កាប់របស់ប៉ាឡេស្ទីននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Turnbull បានទទួលស្វាគមន៍លោក Benjamin Netanyahu យ៉ាងកក់ក្តៅនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងទីក្រុងស៊ីដនី) ដោយលោក Benjamin គឺនាយករដ្ឋមន្រ្តីអ៊ីស្រាអែលដំបូងគេបំផុតដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអូស្រ្តាលី ហើយលោក Turnbull ក៏បានគូសបញ្ជាក់សាជាថ្មីម្តងទៀតអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់អូស្រ្តាលី ចំពោះដំណោះស្រាយរដ្ឋពីរសម្រាប់វិបត្តិរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។
នៅក្នុងឱកាសនោះលោក Malcolm Turnbull បានបញ្ជាក់យ៉ាងច្បាស់ថាអូស្រា្តលីនឹងផ្តល់ការគាំទ្រចំពោះដំណោះស្រាយទាំងឡាយដូចជាដំណោះស្រាយដែលត្រូវបានដាក់ចេញកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិជាដើមនោះឡើយ ដោយវាបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការតាំងទីលំនៅនៅលើដែនដីដែលត្រូវបានកាន់កាប់ដោយប៉ាឡេស្ទីន។
គួរបញ្ជាក់ថាដំណោះស្រាយរបស់អង្គការសហប្រជាជាតិត្រូវបានអនុម័តកាលពីអំឡុងសប្តាហ៍ចុងក្រោយនៃអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលបានឃ្លាតចេញពីទំនៀមទម្លាប់ដ៏យូរលង់ណាស់មកហើយនោះក្នុងការការពារអ៊ីស្រាអែលជាលក្ខណៈការទូត ហើយបានជ្រើសរើសមិនប្រើប្រាស់អំណាចវ៉េតូរបស់ខ្លួន៕