(ឡូសអាន់ជែឡេស)៖ ក្រុមហ៊ុនអាមេរិក United Parcel Service Inc. (UPS) បានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានសាកល្បងប្រកបដោយជោគជ័យនូវយន្ដហោះគ្មានមនុស្សបើកឬ Drone ក្នុងការដឹកញ្ជូននៅទីក្រុង Lithian នៃរដ្ឋ Florida។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុន UPS បានឱ្យដឹងថា ការសាកល្បងយន្ដហោះ Drone នេះ ត្រូវបានធ្វើឡើងប្រកបដោយជោគជ័យបន្ទាប់ពីវាបានប្រគល់កញ្ចប់ទំនិញដោយស្វ័យប្រវត្តិដល់ផ្ទះមួយកន្លែងមុននឹងត្រឡប់មកកាន់ទីតាំងដើមវិញ។ «ការធ្វើតេស្ដ Drone នៅពេលនេះធ្វើឡើង ខុសពីការធ្វើតេស្ដរបស់យើងមុនៗ ពោលគឺការសាកល្បងនេះមានគោលបំណងនៅថ្ងៃអានាគត គឺដើម្បីផ្ដល់ភាពងាយស្រួលដល់ការដឹក ឬប្រគល់ទំនិញជាពិសេសនៅតាមតំបន់ជនបទជាទី ដែលការប្រគល់ទំនិញជាញឹកញាប់ ត្រូវធ្វើឡើងដោយរថយន្ដដឹកជញ្ជូន និងចំណាយពេលបើកបររាប់រយគីឡូម៉ែត្រ»។ នេះបើតាមសេចក្ដីថ្លែងប្រកាសព័ត៌មានក្រុមហ៊ុន UPS។
គួរបញ្ជាក់ថាបើតាមក្រុមហ៊ុន United Parcel Service Inc ការប្រើប្រាស់ Drone ក្នុងការដឹកជញ្ជូន អាចជួយសន្សំសម្ចៃប្រាក់ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕