(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីបានចេញរបាយការណ៍ថ្មីក្តៅៗបន្ថែមទៀត ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក គីម ជុងណាំ បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយក្នុងនោះគេបានកំណត់ជនសង្ស័យបន្ថែមពីររូបទៀត ដោយម្នាក់ធ្វើការនៅស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងគូឡាឡាំពួរ និងម្នាក់ទៀតធ្វើការនៅអាកាសចរណ៍កូរ៉េខាងជើងតែម្តង ខណៈជនសង្ស័យទាំងពីររូបនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីនៅឡើយទេ ហើយក៏ត្រូវបានកោះហៅទៅសាកសួរផងដែរ។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia ចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រៅពីជនសង្ស័យទាំងពីរនាក់ខាងលើនៅមាន ជនសង្ស័យដែលជាជនជាតិកូរ៉េខាងជើងបួននាក់ផ្សេងទៀត ដែលត្រូវបានគេជឿជាក់ថាបានភៀសខ្លួនទៅដល់ទីក្រុងព្យុងយ៉ាងវិញហើយ ខណៈមកទល់ពេលនេះអាជ្ញាធរម៉ាឡេស៊ីបានឃុំខ្លួនជនសង្ស័យបីនាក់រួមមានបុរសជនជាតិកូរ៉េខាងជើងម្នាក់, ស្ត្រីកាន់លិខិតឆ្លងដែនវៀតណាមម្នាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Doan Thi Huoung, និង ស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Siti Aisyah។
គួរបញ្ជាក់ថាលោក គីម ជុងណាំ ដែលជាកូនប្រុសច្បងរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ត្រូវបានស្រ្តីពីរនាក់ក្រោមការបង្គាប់បញ្ជារបស់ភ្នាក់ងារចារកិច្ចកូរ៉េខាងជើង លួចធ្វើឃាតនៅឯអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី នៅពេលដែលរូបលោកត្រៀមធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវប្រទេសចិន។ ហើយនាពេលកន្លងមកលោក គីម ធ្លាប់បានចេញនិយាយជាសាធារណៈប្រឆាំងនឹងរបបដឹកនាំរបស់ត្រកូលគ្រួសាររបស់លោកនៅប្រទេសកូរ៉េខាងជើងផងដែរ។ នេះបើយោងតាមអ្វីដែលមានបញ្ជាក់ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕