(វ៉ាស៊ីនតោន)៖ ចិននៅក្នុងដំណាក់កាលដំបូងនៃការធ្វើតេស្ដប្រតិកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជិតបញ្ចប់ទាំងស្រុងហើយនូវការសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះសិប្បនិម្មិតនៅឯតំបន់សមុទ្រចិនខាងត្បូង ដែលហាក់ដូចជាមូលដ្ឋានសម្រាប់តម្លើងប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះ។ នេះបើតាមសម្តីរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមក្រុមមន្ត្រីដដែលការពន្លឿនបញ្ចប់ការសាងសង់នេះ គឺចិនចង់ដឹងថា តើសហរដ្ឋអាមេរិកនឹងឆ្លើយតប ឬក៏បញ្ចេញប្រតិកម្មដូចម្ដេចជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង។ ក្រុមមន្ត្រីទំាងនេះថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណប្រាប់ Reuters ថាការសាងរចនាសម្ព័ន្ធរបស់ចិននៅលើតំបន់ថ្មប៉ប្រះទឹក Subi, Mischief និង Fiery Cross នៃទីប្រជុំកោះ Spratly មានគោលបំណងយោធាច្រើនជាងការសាងធម្មតា។ «ចិនមិនមែនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ធម្មតានៅក្នុងតំបន់សមុទ្រចិនខាងត្បូងឡើយពោលគឺរចនាសម្ព័ន្ធទំាងនេះ ហាក់ដូចជាត្រូវបានទីក្រុងប៉េកាំងមានបំណងប្រើប្រាស់ក្នុងវិស័យយោធា ជាជាងគ្រាន់តែសាងសង់ឡើងសម្រាប់វិស័យស៊ីវិល»។ នេះបើតាមសម្តីរបស់មន្ត្រីរដ្ឋាភិបាលអាមេរិក។
គួរបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំង បានទាមទារដែនអធិបតេយ្យភាពស្ទើរតែទំាងស្រុងលើតំបន់សមុទ្រចិនខាងត្បូង រីឯប្រទេសជាភាគីជម្លោះផ្សេងទៀតដូចជា វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេក៏បានទាមទារចំណែកគ្រប់គ្រងរៀងៗខ្លួនផងដែរ ខណៈជម្លោះនៅសមុទ្រចិនខាងត្បូង កំពុងធ្វើឱ្យពិភពលោកភ័យខ្លាចក្រែងលោបង្កទៅជាការប៉ះទង្គិចគ្នាដោយអាវុធរវាងចិន និងសហរដ្ឋអាមេរិក ឬក៏ជាមួយបណ្ដាប្រទេសជាភាគីជម្លោះនៅថ្ងៃណាមួយ៕