(មូស្គូ)៖ ទីក្រុងប៉េកាំងបានឈានដល់កិច្ចសន្យាទិញ មីស៊ីលប្រឆាំងនាវាក៏ដូចជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីល S-400 និងយន្ដហោះចម្បាំង Su-35 ពីរុស្ស៊ី ខណៈមហាយក្សឥណ្ឌាដែលជាគូប្រជែងដ៏ធំរបស់ចិននៅក្នុងតំបន់ ក៏មានបំណងទិញមីស៊ីល S-400 ពីទីក្រុងមូស្គូផងដែរកាលពីឆ្នាំ២០១៦ ហើយដែលកិច្ចព្រៀងព្រមទិញមានតម្លៃជាង៥.៨ពាន់លានដុល្លារនេះ គួរតែនឹងអាចត្រូវចុះហត្ថលេខាជាផ្លូវការនៅចុងឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសុន្ទរកថាមួយនៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoygu បានកត់សម្គាល់ដូច្នេះថា «កិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសរវាងចិននិងរុស្ស៊ីបានយ៉ាងរីកចំរើនគួរឱ្យកត់សម្គាល់។ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលក់ប្រព័ន្ធមីស៊ីល S-400 យន្ដហោះចម្បាំង Su-35 និងមីស៊ីលប្រឆាំងនាវា»។
គួរបញ្ជាក់ថាទីក្រុងប៉េកាំង កាលពីខែមេសា ឆ្នាំ២០១៥ បានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូ ដើម្បីទិញ S-400 Triumph ក្នុងតម្លៃជិត២,៨លានអឺរ៉ូ ស្មើនឹង២,៩ពាន់ដុល្លារអាមេរិក ហើយនឹងចាប់ផ្ដើមប្រគល់ឱ្យចិននៅឆ្នាំ២០១៧នេះ៕