(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយទូរស័ព្ទជាមួយមន្ត្រីការទូតជាន់ចិននៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយលោកបានទទួល ស្គាល់សារៈសំខាន់នៃទំនាក់ទំនងក្នុងលក្ខណៈស្ថាបនារវាងសហរដ្ឋអាមេរិន និងចិន ហើយថែមទំាងអះអាងថា ភាគីទំាងពីរបានព្រមព្រៀងគ្នាលើភាពចាំបាច់ ក្នុងការដោះសា្រយរាល់ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក លោក ធីល្លឺសុន និងទីប្រឹក្សារដ្ឋចិន លោក យ៉ាង ជីឈី (Yang Jiechi) ក៏បានភាក្សាគ្នាផងដែរលើប្រធានបទ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។ សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងដូច្នេះថា «លោក ធីល្លឺសុន និងលោក យ៉ាង ជីឈី បានទទួលស្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីក្នុងលក្ខណៈស្ថាបនារវាងប្រទេសទាំងពីរ ព្រមទំាងបានព្រមព្រៀង គ្នាលើភាពចាំបាច់ក្នុងការដោះសា្រយរាល់ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់»។
គួររំលឹកថាកាលពីខែធ្នូកន្លងទៅ លោក ដូណាល់ ត្រាំ បានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លំាងបន្ទាប់ពីលេចលឺកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់ ហើយនៅពេលនោះដែរ លោកត្រាំ បានរិះគន់ទីក្រុងប៉េកាំង ក៏ដូចជាព្រមានឈប់ទទួលស្គាល់គោលនយោបាយចិនតែមួយ និងបានចោទចិនថាមិនបានធ្វើអ្វីជាដុំកំភួនដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ឱ្យឈប់បង្ករឿងនោះទេ។ ទោះបីជាយ៉ាងណាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនហាក់ដូចជាប្រសើរឡើងវិញក្រោយលោក ដូណាល់ ត្រាំ ទទួលស្គាល់គោលនយោបាយចិនតែមួយ នៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនលោក ហ្ស៊ី ជីនពីង កាលពីសប្ដាហ៍មុន ខណៈនៅមានរឿងជាច្រើនដែលមហាអំណាចទំាងពីរត្រូវការពារផលប្រយោជន៍រៀងៗខ្លួន ដូចជាជម្លោះនៅសមុទ្រចិនខាងត្បូងជាដើម៕