(យូអិន)៖ មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ ឬហៅកាត់ថា (UNICEF) បានចេញសេចក្តីព្រមានថា កុមារជិត ១,៤លាននាក់ នៅក្នុងប្រទេស នីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង និងយេមែន អាចនឹងបាត់បង់ជីវិតដោយសារតែ គ្រោះអត់ឃ្លាន នៅក្នុងឆ្នាំ២០១៧នេះ។ បើតាមការចេញផ្សាយដោយសារ ព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមអង្គការ UNICEF កុមារនៅប្រទេសយេមែន ៤៦២,០០០នាក់ កំពុងប្រឈមមុខធ្ងន់ធ្ងរនឹងកង្វះអាហារូបត្ថម្ភ និងកុមារ៤៥០,០០០នាក់ នៅភាគ ខាងជើងប្រទេសនីហ្សេរីយ៉ា។ ដោយឡែកនៅឯប្រទេសសូម៉ាលី កុមារជាង ១៨៥,០០០នាក់ ក៏កំពុងជួបនឹងវិបត្តិដូចគ្នានេះដែរ ហើយចំនួនកុមាររងគ្រោះ ដោយសារគ្រោះអត់ឃ្លាន អាចនឹងកើន ដល់២៧០,០០០នាក់ នៅប៉ុន្មានខែខាងមុខនេះ ខណៈកុមារនៅស៊ូដង់ខាងត្បូង ២៧០,០០០នាក់ កំពុងរស់នៅ ក្រោមកង្វះអាហារូបបត្ថម្ភធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា អង្គការ UNICEF ក៏បានអំពាវនាវផងដែរ ឱ្យសហគមន៍អន្តរជាតិទាំងមូល ធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយសង្រ្គោះកុមារទំាងនេះ៕