(វ៉ាស៊ីនតោន)៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ ពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ សេចក្តីថ្លែងការណ៍ពីសេតវិមានបានចាត់ទុកកិច្ចសន្ទនានេះថាជា «ទំនាក់ទំនងដ៏ស្និទ្ធស្នាលបំផុត»។ តែអ្វីដែលកាន់តែសំខាន់បំផុតសម្រាប់ លោក ស៊ី ជិនពីង គឺសេចក្តីប្រកាសរបស់លោក ត្រាំ ដែលបានបង្ហាញការប្តេជ្ញាក្នុងការបន្តគោរពតាម «គោលនយោបាយចិនតែមួយ»។
កិច្ចសន្ទនាតាមទូរស័ព្ទ រួមជាមួយលិខិតឯកជនពីសំណាក់ប្រធានាធិបតីអាមេរិក ទៅកាន់ប្រធានាធិបតីចិន តឹងតាងបានបញ្ជាក់ថា សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ក្នុងការកសាងទំនាក់ទំនងប្រកបដោយផ្លែផ្កាជាមួយ ចិន ព្រមទាំងលុបចោលរាល់ភាពមន្ទិលទាំងប៉ុន្មានដែល លោក ត្រាំ ធ្លាប់បានលើកឡើងក្នុងពេលកន្លងមក។
គួររំលឹកថា កាលពីប៉ុន្មានខែមុន លោកត្រាំ ធ្លាប់ធ្វើកិច្ចសន្ទនាជាមួយប្រធានាធិបតីតៃវ៉ាន់ ព្រមទាំងប្រកាសថា នឹងធ្វើការពិចារណាឡើងវិញចំពោះគោលនយោបាយចិនតែមួយ ដែលនាំឱ្យចិនមានភាពរសាប់រសល់ជាខ្លាំង។ ប៉ុន្តែថ្មីៗនេះប្រធានាធិបតីដែលអាចប្រែក្រឡាស់ ១៨០ដឺក្រេរូបនេះ បែរជាងាកទៅរកគោលនយោបាយចិនតែមួយទៅវិញ។ បន្លាស់ប្តូរភ្លាមៗនេះអាចនឹងបណ្តាលមកពីហេតុផលមួយចំនួនដូចជា៖
* ប្រឈមមុខនឹងបញ្ហាក្នុងប្រទេស៖
បន្ទាប់ពីការឡើងកាន់អំណាច ប្រធានាធិបតីអាមេរិក លោក ត្រាំ ត្រូវប្រឈមមុខនឹងចលនាប្រឆាំងបះបោរទ្រង់ទ្រាយធំ។ គោលនយោបាយថ្មីមួយចំនួនរបស់លោក បានរងការរិះគន់យ៉ាងចាស់ដៃ និងប្រឆាំងពីសំណាក់សាធារណជន សារព័ត៌មាន និងស្ថាប័នរដ្ឋាភិបាលមួយចំនួន។ តាមរយៈការស្ទាបស្ទង់មតិ ដែលធ្វើឡើងដោយសារព័ត៌មាន CNN បានបង្ហាញថា សម្លេងប្រមាណ ៥៣ភាគរយ បានបង្ហាញការប្រឆាំងចំពោះកិច្ចការរបស់លោក ត្រាំ ដែលធ្វើឱ្យវាក្លាយជាការប្រឆាំងទ្រង់ទ្រាយធំមួយកម្រមាន សម្រាប់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក។
ជាលទ្ធផលបានបង្ហាញថា គោលនយោបាយរបស់ប្រធានាធិបតីជាមហាសេដ្ឋីវាល់លានរូបនេះ ត្រូវរងការប្រឆាំងដោយមនុស្សក្នុងស្រុកកាន់តែខ្លាំង។ ហើយវានឹងកាន់តែឈឺក្បាល ប្រសិនបើលោក ត្រាំ ត្រូវប្រឈមមុខនឹងការប្រឆាំងបន្ថែមទៀត ពីសំណាក់ប្រទេសចិន ដែលជាមហាអំណាចប្រចាំតំបន់អាស៊ី។
ហេតុនេះវាជាហេតុផលមួយដែល លោក ត្រាំ ជ្រើសរើសវិលត្រឡប់ទៅរកនយោបាយចិនតែមួយវិញ បន្ទាប់ពីពិចារណាជាថ្មី ដោយចាត់ទុកបញ្ហាស្រុក និងគោលនយោបាយការបរទេសជាបញ្ហាអាទិភាព ដើម្បីកាត់បន្ថយសម្ពាធបានមួយកម្រិត។
* កិច្ចខិតខំប្រឹងប្រែងរបស់ចិន៖
ការវិលត្រឡប់របស់លោក ត្រាំ ទៅរកគោលនយោបាយចិនតែមួយ អាចបានមកពីភាពប្រឹងប្រែងរបស់ចិនតាមរយៈទំនាក់ទំនងការទូត មិនថាតាមមធ្យោបាយស្របច្បាប់ ឬក្រៅផ្លូវច្បាប់។ ចិនបានបញ្ជូនសារយ៉ាងទទូចទៅកាន់លោក ត្រាំ ដោយបង្ហាញជាសាធារណៈថា គោលនយោបាយចិនតែមួយ ពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល ហេតុនេះទោះបីជាមានរឿងអ្វីកើតឡើងក្តី ចិននឹងរក្សាគោលជំហរនេះ ហើយតស៊ូរហូតដល់ទីបញ្ចប់។
រដ្ឋាភិបាលក្រុងប៉េកាំង បានដឹងថា សេចក្តីសម្រេចចេញនូវគោលនយោបាយរបស់ លោក ត្រាំ ពឹងផ្អែកទៅលើតែមនុស្សមួយក្រុមតូចដែលជាទីប្រឹក្សា ក្នុងនោះរួមកូនប្រសារប្រុស គឺលោក Jared Kushner និងកូនស្រី Ivanka Trump ជាដើម ដើម្បីកាច់ចង្កូតនយោបាយរបស់សហរដ្ឋអាមេរិក។ ហេតុនេះមធ្យោបាយដ៏ល្អ គឺព្យាយាមជះឥទ្ធិពលរបស់ខ្លួនដោយផ្ទាល់ទៅលើគ្រួសារទីមួយនេះ ដើម្បីធ្វើឱ្យទំនាក់ទំនងជាមួយចិនកាន់តែរលូន។
ជាក់ស្តែងភ្លាមៗបន្ទាប់ពីការលោកត្រាំ ជាប់ឆ្នោត លោក Kunshner ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចដែលរៀបចំឡើង ដោយមហាសេដ្ឋីពាណិជ្ជកម្មចិន លោក Wu Xiaohui ដែលមានទ្រព្យសម្បត្តិរហូតដល់ ២៨៥ពាន់លានដុល្លារ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំចិន។
ក្រោយមកទៀត គឺនៅថ្ងៃទី០១ ខែកុម្ភៈ លោកស្រី Ivanka កូនស្រីបង្កើតរបស់ប្រធានាធិបតីអាមេរិក បានធ្វើទស្សនកិច្ចដ៏គួរភ្ញាក់ផ្អើលមួយនៅស្ថានទូតចិន ប្រចាំក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកម្មវិធីឆ្លងឆ្នាំចិន។ ទាំងនេះជាឧទាហរណ៍មួយនៃនយោបាយចិន ក្នុងការអូសទាញអាមេរិកឱ្យពិចារណាពី គោលនយោបាយចិនតែមួយសាជាថ្មី។
* ត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងចិនអាមេរិក កាន់តែរលូន
បើទោះបីជាសេចក្តីថ្លែងការណ៍របស់ត្រាំ ក្នុងការងាកមកគោរពគោលនយោបាយចិនតែមួយ វាពិតជាបានកាត់បន្ថយភាពតានតឹងខ្លះក្នុងទំនាក់ទំនងអាមេរិកចិន ប៉ុន្តែទំនាក់ទំនងទ្វេភាគីនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា វិស័យពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងជាដើម ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈានទៅរកផ្លូវនៃជម្លោះ។
ប៉ុន្តែកុំភ្លេចថា ការងាកមកគោរពតាមគោលនយោបាយចិនតែមួយលើកនេះ ខុសពីលើកមុន ព្រោះថាវានឹងធ្វើឱ្យចិនបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយអាមេរិកអាចប្រើប្រាស់ឧបករណ៍នេះ ជាសម្ពាធមួយសម្រាប់ចិនក្នុងករណីដែលចិន ធ្វើឱ្យមហាអំណាចមិនសប្បាយចិត្ត។ ចំណែករដ្ឋាភិបាលរបស់លោក ត្រាំ មានសិទ្ធិស្របច្បាប់ក្នុងការរិះគន់ទៅលើបញ្ហាពាណិជ្ជកម្មអាមេរិក។ ហេតុនេះចិនចាំបាច់ត្រូវ ដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកឱ្យបានត្រឹមត្រូវ។ ក្នុងនោះដូចជាសម្រួលដល់ការដាក់ក្រុមហ៊ុនអាមេរិក ក្នុងទីផ្សាររបស់ចិនជាដើម។
និយាយពីបញ្ហាសមុទ្រចិនខាងត្បូងវិញ ថ្មីនេះរដ្ឋមន្ត្រីការពារអាមេរិក លោក James Mattis បានថ្លែងថា ចាប់ពីពេលនេះទៅបញ្ហាសមុទ្រចិនខាងត្បូង មិនត្រូវការវត្តមានយោធាអាមេរិកតទៅឡើយ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក អាចនឹងដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់មធ្យោបាយការទូតជំនួសវិញ។
ឆ្លើយតបការបន្ទន់ឥរិយាបទរបស់សហរដ្ឋអាមេរិកបែបនេះ ចិនមិនគួរចាត់ទុកថានេះជាការចុះទន់ខ្សោយរបស់អាមេរិកនោះឡើយ។ ផ្ទុយទៅវិញ ចិន គួរតែភ្ញាក់ខ្លួន ហើយព្យាយាមទប់ស្កាត់រាល់សកម្មភាពនានា ដែលអាចបង្កភាពតានតឹងជាមួយអាមេរិក ក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ហេតុនេះចិនអាចនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមក្នុងការយកចិត្តអាមេរិក ដូចជាជួយទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងជាដើម។
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង មិនត្រឹមតែចូលរួមចំណែកក្នុងការរក្សាស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងពង្រឹងទំនាក់ទំនងចិនអាមេរិក ថែមទៀតផង។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ អាចបញ្ជាក់ប្រាប់រដ្ឋាភិបាលរបស់លោក ត្រាំ ថា ចិនកំពុងព្យាយាមអស់ពីសមត្ថភាពក្នុងការជួយដល់អាមេរិក ក្នុងការរក្សាបញ្ហាសន្តិសុខ។
ហេតុផលខាងលើបង្ហាញថា បន្លាស់ប្តូរនយោបាយភ្លាមៗរបស់ប្រធានាធិបតី ប្រកបដោយថ្វីមាត់របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយងាកមកគោរពតាមគោលនយោបាយចិនតែមួយ អាចជារឿងចំណេញច្រើនជាងសម្រាប់សហរដ្ឋអាមេរិក និងក្នុងទំនាក់ទំនងរវាងមហាអំណាចអាមេរិក និងចិន៕