(ប៉េកាំង)៖ លោក Yang Dongliang អតីតប្រធានរដ្ឋបាលសុវត្ថិភាពការងាររបស់ប្រទេសចិន ត្រូវបានតុលាការសម្រេចទោសដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ដោយការស៊ីសំណូក និងក្លែងបន្លំថវិកាជាតិ ហើយលោកក៏បានទទួលយកនូវការចោទប្រកាន់ទាំងអស់ និងមិនធ្វើការប្តឹងឧទ្ធរណ៍នោះដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីសម្រេចរបស់តុលាការទីក្រុងប៉េកាំង ចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៥ លោក Yang ដែលធ្លាប់ជាអភិបាលរងទីក្រុងធានជិន និងជាសមាជិកនៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនប្រចាំទីក្រុងធានជិន ព្រមទាំងជាប្រធានរដ្ឋបាលសុវត្ថិភាពការងារផងដែរនោះ បានជួយដល់អ្នករកស៊ីពាណិជ្ជកម្មជាច្រើនក្នុងការដោះស្រាយបញ្ហា និងសម្រួលរឿងរ៉ាវនានា ដើម្បីទទួលបានការតបស្នងមកវិញនូវទឹកប្រាក់សរុប ២៨.៥លានយ័នស្មើនឹង ៤.១លានដុល្លារអាមេរិក៕