(ញូដេលី)៖ កងកម្លាំងប៉ូលិសឥណ្ឌាបានធ្វើការចាប់ខ្លួនមនុស្សចំនួនបីនាក់ ជុំវិញករណីចាប់ជំរិតព្រមទាំងរំលោភទៅលើតារាភាពយន្តស្រីដ៏មានប្រជាប្រិយភាពម្នាក់ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
មន្រ្តីប៉ូលិសជាន់ខ្ពស់ឥណ្ឌាមួយរូបបានឲ្យដឹងនៅថ្ងៃអង្គារនេះថា «មកទល់ពេលនេះយើងបានចាប់ខ្លួនមនុស្សបីនាក់ហើយ រួមមានតៃកុងឡានរបស់តារាភាពយន្តស្រីរងគ្រោះ និងបុគ្គលពីររូបផ្សេងទៀតដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ ក៏ប៉ុន្តែជនជាប់ចោទដែលសំខាន់ជាងគេកំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ»។ មន្រ្តីប៉ូលិសរូបនេះបានបញ្ជាក់បន្ថែមថា ជនជាប់ចោទចម្បងនោះ គឺជាអតីតអ្នកបើកបររថយន្តរបស់តារាភាពយន្តស្រីម្នាក់នោះ ហើយប៉ូលិសក៏កំពុងបន្តសម្រុកចុះឆែកឆេរនៅតាមទីតាំងនានាដែលជាអាចជាកន្លែងលាក់ខ្លួនរបស់ជនដៃដល់រូបនេះផងដែរ។
គួរបញ្ជាក់ថាហេតុការណ៍ចាប់ជំរិត និងរំលោភផ្លូវភេទខាងលើនេះបានកើតឡើងនៅវេលាយប់ថ្ងៃសុក្រសប្តាហ៍មុននេះ ដោយជនរងគ្រោះដែលជាតារាភាពយន្តស្រីរូបនោះត្រូវបានមនុស្សបីនាក់ដាក់វេនគ្នាធ្វើការរំលោភបំពានម្តងម្នាក់ នៅក្នុងរថយន្តផ្ទាល់ខ្លួនរបស់នាងតែម្តង បន្ទាប់ពីពួកគេបានចាំស្ទាក់ផ្លូវខណៈពេលដែលតារាស្រីម្នាក់នោះ កំពុងធ្វើដំណើរដើម្បីទៅបញ្ចូលសំឡេងភាពយន្ត៕