(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃអង្គារនេះបានអះអាងថា ទីក្រុងប៉េកាំងជំទាស់ចំពោះសកម្មភាពរបស់ប្រទេសនានាដែលយកហេតុផលរឿងការពារសេរីភាពនៃការធ្វើនាវាចរ ក្នុងការរំលោភមកលើដែនអធិបតេយ្យរបស់ចិន ដែលការប្រកាសបែបនេះបានធ្វើឡើងបន្ទាប់ពីក្រុមនាវាដឹកយន្តហោះចម្បាំងរបស់អាមេរិក ចាប់ផ្តើមធ្វើការល្បាតនៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
យោធាជើងទឹករបស់អាមេរិកបានប្រកាសថា ក្រុមប្រយុទ្ធនៃកងនាវាអាមេរិកនោះ មាននាវាដឹកយន្តហោះចម្បាំងលំដាប់ Nimitz USS Carl Vinson បានចាប់ផ្តើមបំពេញប្រតិបត្តិការរបស់ខ្លួននៅតំបន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បើទោះបីជាមានការព្រមានពីចិន ព្រមទាំងនៅក្នុងខណៈពេលដែលភាពតានតឹងនៅតែបន្តចំពោះតំបន់សមុទ្រដ៏ធំ និងសម្បូរដោយធនធានរ៉ែនេះក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang បាននិយាយនៅថ្ងៃអង្គារនេះថា «ប្រទេសចិនតែងតែគោរពនូវសិទ្ធិសេរីភាពនៃការធ្វើនាវាចរ ហើយនឹងស្វាគមន៍ចំពោះប្រទេសគ្រប់គ្នាដែលគោរពចំពោះច្បាប់អន្តរជាតិ។ ប៉ុន្តែយើងសូមប្រឆាំងយ៉ាងដាច់ខាតទៅនឹងប្រទេសណាក៏ដោយ ដែលបង្កការគំរាមកំហែង និងបំផ្លាញនូវអធិបតេយ្យភាព ព្រមទាំងសន្តិសុខរបស់ប្រទេសដទៃ ដោយយកទង់នៃសេរីភាពការធ្វើនាវាចរមកបាំងមុខ»៕