(អ៊ីស្លាម៉ាបាដ)៖ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយ បានកើតមានឡើងទៅលើលើអគារតុលាការនៅទីក្រុង Charsadda ភាគពាយ័ព្យប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារនេះ ដែលចំនួនជនរងគ្រោះមកដល់ពេលនេះគឺ មនុស្ស០៩នាក់ស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។ នេះបើតាមស្ថានីយ៍ទូរទស្សន៍នៅក្នុងតំបន់ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមស្ថានីយ៍ទូរទស្សន៍ Dunya TV តាមរយៈការដកស្រង់សម្ដីពីក្រុមមន្ត្រីនៅក្នុងទីក្រុង Charsadda ការផ្ទុះនេះបានកើតឡើងនៅខាងក្រៅតុលាការមួយ ខណៈនារយៈពេល១០ថ្ងៃមកនេះមានមនុស្សយ៉ាងហោចណាស់១០០នាក់ បានស្លាប់ និងរងរបួសដោយសារតែការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតពីសំណាក់ក្រុមភេរវករ និងការវាយប្រហារសងសឹកដោយកងកម្លំាងរដ្ឋាភិបាល។
ចំពោះមនុស្សស្លាប់នៅក្នុងការវាយប្រហារនៅអគារតុលាការខាងលើនេះគឺសុទ្ធសឹងតែជនស៊ីវិល ដែលក្នុងនោះមានមេធាវីម្នាក់ផងដែរ រួមទាំងជនបំផ្ទុះគ្រាប់បែកអត្តឃាតទាំងបីនាក់ ខណៈអ្នករងរបួស០៥នាក់ជាមន្ត្រីប៉ូលិស។ ប៉ូលិសក្នុងតំបន់បានអះអាងទៀតថា អ្នកបំផ្ទុះគ្រាប់បែក០៣នាក់បានព្យាយាមសម្រុកចូលអគារតុលាការក្នុងទីក្រុង Charsadda ប៉ុន្តែមិនបានសម្រេចក៏បំផ្ទុះនៅពីមុខអគារតែម្តង។
គួរបញ្ជាក់ថាក្រុម Mushtaq-ul-Ahrar ដែលជាបណ្តាញនៃពួកតាលីបង់ បានទូរស័ព្ទប្រាប់សារព័ត៌មានក្នុងតំបន់ដោយអះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារនេះ៕