(ម៉ានីល)៖ បណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន យល់ថា ការតម្លើងប្រព័ន្ធសព្វាវុធរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺជាក្ដីកង្វល់មួយនិងចង់ទប់ស្កាត់ការធ្វើសកម្មភាពយោធា ក៏ដូចជាជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាកិច្ចសន្ទនាដើម្បីបញ្ជៀសការប្រឈមមុខដាក់គ្នា។ នេះបើតាមរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto Yasay ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមលោក Perfecto Yasay ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ បានសម្ដែងក្ដីព្រួយបារម្ភជារួមស្ដីពីការទាមទាររបស់ទីក្រុងប៉េកាំង និងការធ្វើសកម្មភាពយោធានៅក្នុងតំបន់ជម្លោះ។ ព្រមពេលជាមួយគ្នានេះ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ឱ្យច្បាស់ថាតើបញ្ហាអ្វីជាក្ដីកង្វល់ដ៏ធំបំផុតនោះទេ គ្រាន់តែសង្ឃឹមថា ចិននិងសហរដ្ឋអាមេរិកនឹងដើរតួនាទីការពារសនិ្តភាព និងស្ថេរភាពនៅក្នុងតំបន់។
លោក Perfecto នៅក្រោយជំនួបជាមួយសមាភាគីអាស៊ាន បានលើកឡើងដូច្នេះថា «បណ្ដាប្រទេសជាសមាជិកអាស៊ាន បានព្រមព្រៀងគ្នាជារួមក្នុងការបង្ហាញក្ដីព្រួយបារម្ភទាក់ទិននឹងការតម្លើងប្រព័ន្ធបរិក្ខាយោធា ពីសំណាក់ចិននៅឯតំបន់ជម្លោះ ហើយនេះគឺជាអ្វីដែលពួកគេកំពុងមើលឃើញថា ជាការធ្វើសកម្មភាពយោធានៅក្នុងតំបន់។ ពួកគេបានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ»។
គួរបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំង បានទាមទារដែនអធិបតេយ្យភាពស្ទើរតែទំាងស្រុងលើតំបន់សមុទ្រចិនខាងត្បូង រីឯប្រទេសជាភាគីជម្លោះផ្សេងទៀតដូចជា វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ ក៏បានទាមទារចំណែកគ្រប់គ្រងរៀងៗខ្លួនផងដែរ ខណៈជម្លោះនៅសមុទ្រចិនខាងត្បូង កំពុងធ្វើឱ្យពិភពលោកភ័យខ្លាចក្រែង បង្កឱ្យជាការប៉ះទង្គិចគ្នាដោយអាវុធរវាងចិន និងសហរដ្ឋអាមេរិក ឬក៏ជាមួយបណ្ដាប្រទេសជាភាគីជម្លោះ នៅថ្ងៃណាមួយ៕