(គូឡាឡាំពួរ)៖ ចំពោះសេចក្តីរាយការណ៍ព័ត៌មានដែលថាលោក គីម ជុងណាំ បានបាត់បង់ជីវិតដោយសារការគាំងបេះដូងនោះគឺជារឿងមិនពិតនោះឡើយ ដោយអាជ្ញាធរម៉ាឡេស៊ីបានចេញមុខអះអាងនៅថ្ងៃអង្គារនេះថា ពុំមានភស្តុតាងណាមួយបញ្ជាក់ពីករណីគាំងបេះដូង ឬមួយក៏ស្នាមក៏ដូចជារបួសត្រូវបានគេចាក់នៅលើខ្លួនសាកសពរបស់លោក គីម បន្ទាប់ពីត្រូវបានគេលួចធ្វើឃាតនៅឯអាកាសយានដ្ឋាននៃទីក្រុងគូឡាឡាំពួរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកវេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជាប្រធានមន្ទីរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានឲ្យដឹងដែរថា អាជ្ញាធរកំពុងរង់ចាំលទ្ធផលធ្វើតេស្តពីមន្ទីរពិសោធន៍ដើម្បីទទួលបានមូលហេតុពិតប្រាកដនៅពីក្រោយការស្លាប់ដ៏អាថ៌កំបាំងរបស់លោក គីម ជុងណាំ។ លោក Hisham បានថ្លែងបន្ថែមទៀតថា ការធ្វើកោសល្យវិច័យលើកទីមួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ពោលគឺរយៈពេលពីរថ្ងៃបន្ទាប់ពីលោក គីម បានបាត់បង់ជីវិតនៅតាមផ្លូវបញ្ជូនពីព្រលានយន្តហោះអន្តរជាតិគូឡាឡាំពួរទៅកាន់មន្ទីរពេទ្យ ខណៈការធ្វើកោសល្យវិច័យលើកទីពីរមិនទាន់ចប់រួចរាល់នៅឡើយ ហើយតាមពិតទៅការកំណត់អត្តសញ្ញាណជាផ្លូវការទៅលើសាកសពក៏ពុំបានប្រព្រឹត្តទៅផងដែរ ដោយសារតែពុំមានកូនចៅណាម្នាក់របស់ជនរងគ្រោះបានមកបង្ហាញខ្លួននោះឡើយ។
គួរបញ្ជាក់ដែរថាយោងតាមខ្សែវីដេអូដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃចន្ទសប្តាហ៍នេះ ស្រ្តីជាជនបរទេសចំនួនពីរនាក់ដោយម្នាក់ក្នុងចំណោមនោះត្រូវបានជឿជាក់ថាបានបាញ់សារធាតុពុលទៅលើផ្ទៃមុខរបស់ លោក គីម ជុងណាំ៕