(ហ្សាការតា)៖ ភ្លៀងធ្លាក់ដ៏ខ្លាំងក្លានៅក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី បានបង្កឲ្យប្រព័ន្ធលូបង្ហូរទឹករបស់ទីក្រុងទប់ទល់លែងរួច និងបានបណ្តាលឲ្យជន់លិចផ្លូវថ្នល់ជាច្រើនខ្សែ ព្រមទាំងលំនៅឋានរាប់ពាន់ខ្នង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
ទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៊ីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា តំបន់ជាង៥០កន្លែងនៅក្នុងរដ្ឋធានីហ្សាការតាត្រូវបានទឹកភ្លៀងជន់លិច ជាមួយនិងកម្ពស់ទឹកដល់ទៅ១.៥ម៉ែត្រនៅភាគខាងកើតនៃទីក្រុង ដោយសារតែប្រព័ន្ធលូបង្ហូរទឹកមិនអាចទប់ទល់នឹងចំនួនទឹកភ្លៀងដ៏ខ្លាំងក្លាបាន ហើយទន្លេមួយចំនួនក៏បានហូរហៀរថែមទៀតផង។
គួរបញ្ជាក់ថាគ្រោះទឹកជំនន់ដ៏អាក្រក់កាលពីឆ្នាំ២០១៣ បានផ្តាច់យកជីវិតមនុស្សមិនក្រោម២៥នាក់នោះឡើយនៅក្នុងទីក្រុងហ្សាការតា និងបានបង្ខំឲ្យប្រជាជននៅទីនោះរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ជាមួយគ្នានេះដែរអាជ្ញាធរទីក្រុងហ្សាការតាដែលមានប្រជាជនរស់នៅដល់ទៅប្រហែល ៣០លាននាក់នោះ បានអះអាងថាខ្លួនបានកាត់បន្ថយតំបន់ជាច្រើនដែលងាយនឹងទទួលរងការជន់លិចចាប់តាំងពីពេលនោះមក តាមរយៈការស្តារទន្លេនានាដែលពោពេញដោយសំរាម និងវិធានការដ៏មានប្រសិទ្ធភាពដទៃៗទៀត៕