(វ៉ាស៊ីនតោន)៖ ក្រុមសកម្មជនប្រឆាំងនឹងលោក ដូណាល់ ត្រាំ រាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា នៅទូទំាងសហរដ្ឋអាមេរិកក្នុងក្បួនតវ៉ាជាច្រើនក្រោមពាក្យស្លាក «មិនមែនជាទិវាប្រធានាធិបតីរបស់ខ្ញុំ» ហើយដែលការតវ៉ានេះធ្វើឡើងនៅក្នុងថ្ងៃប្រារព្ធខួបកំណើត អតីតប្រធានាធិបតីអាមេរិក លោក ចច វ៉ាស៊ីនតោន ឬហៅថា «ទិវាប្រធានាធិបតីរបស់ខ្ញុំ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
ការតវ៉ានេះធ្វើឡើងនៅថ្ងៃចន្ទ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) នៅតាមទីក្រុងចំនួន២៩ដោយក្រុមបាតុករទំាងអស់បាននាំគ្នាសរសេរនៅលើផ្ទំាងបដា និងស្រែកប្រឆាំងនឹងលោក ដូណាល់ ត្រាំ ព្រមទំាងនយោបាយរបស់លោកពាក់ព័ន្ធនឹងសិទ្ធិស្រ្តី ជនភៀសខ្លួន និងបម្រែបម្រួលអាកាសធាតុ ។ ពោលបើនិយាយឱ្យចំរហូតមកទល់នឹងពេលនេះ ពួកគេនៅមិនទាន់ទទួលស្គាល់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក របស់ពួកគេនៅឡើយទេ។
គួរបញ្ជាក់ថាបាតុកម្មតវ៉ាខាងលើ បានធ្វើឡើងនៅតាមទីក្រុងចំនួន២៩ នៃសហរដ្ឋអាមេរិក ក្នុងនោះមានដូចជា ទីក្រុងញូយ៉ក ឈីកាហ្គោ ឡូសអាន់ជែលឡែស វ៉ាស៊ីនតោនឌីស៊ី ហ្វីឡាឌែលហ្វី អាត្លង់តា និងទីក្រុងផតលែនជាដើម។ បន្ថែមពីនេះនៅក្នុងទីក្រុងផតលែន ក្រុមបាតុករប្រមាណ ៣០០នាក់ បានប៉ះទង្គិចគ្នាបន្តិចបន្ដួចជាមួយនឹងប៉ូលិស បន្ទាប់ពីពួកគេមានបំណងបិទផ្លូវ ខណៈប៉ូលិសបានព្រមានថា សកម្មភាពបែបនេះនឹងមិនត្រូវបានអនុញ្ញាតឡើយ ហើយអ្នកដែលចចេសនឹងត្រូវឃាត់ខ្លួន៕