(ប៉េកាំង)៖ សហរដ្ឋអាមេរិកកំពុងបង្កើតសម្ព័ន្ធភាពផ្នែកយោធា ជាមួយបណ្តាប្រទេសជាច្រើនដែលជាអ្នកជិតខាងរបស់ចិន ហើយកត្តានេះជំរុញកាន់តែខ្លាំងនូវគោលគំនិតស្ថិតក្នុងចំណោមប្រជាជនចិនជាច្រើនដែលថា សហរដ្ឋអាមេរិកកំពុងបង្កការគំរាមកំហែងយ៉ាងពិតប្រាកដមួយចំពោះប្រទេសរបស់ពួកគេតាមរយៈវិធីសាស្រ្តមិនមែនតែមួយរបៀបនោះឡើយ។ នេះបើតាមសម្តីរបស់លោក Andrew K.P. Leung អ្នកវិភាគយុទ្ធសាស្រ្តឯករាជ្យមួយរូបរបស់ចិន ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន RT លោក Andrew Leung បានលើកឡើងថា «សហរដ្ឋអាមេរិកតែងតែមានវត្តមាននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយមានមោទនភាពចំពោះខ្លួនឯងជានិច្ចថា ជាមហាអំណាចដ៏មានឥទ្ធិពលមួយនៅទីនោះ តែអ្វីដែលខុសប្លែកពីមុនឆ្ងាយនោះគឺអាមេរិកកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើវិស័យយោធានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការបង្កើតសម្ព័ន្ធភាពយោធាជាមួយអ្នកជិតខាងជាច្រើនរបស់ចិន និងការបញ្ជូននាវាចម្បាំងឲ្យទៅល្បាតនៅតាមដែនសមុទ្រអន្តរជាតិ ដែលកាន់តែខិតចូលទៅក្បែរប្រជុំកោះ និងដែនទឹកជាទីចិនអះអាងថាជាដែនអធិបតេយ្យភាពរបស់ខ្លួន»។
លោក Leung បានបន្តទៀតថា ហេតុដូច្នេះប្រការនេះបានជំរុញបន្ថែមនូវគោលគំនិតដែលថា សហរដ្ឋអាមេរិកកំពុងពង្រឹងការឡោមព័ទ្ធជុំវិញប្រទេសចិន ហើយពិតណាស់វាគឺជាបញ្ហាដ៏សំខាន់បំផុតមួយសម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំង។ វាមិនមែនពាក់ព័ន្ធតែរឿងដែនអធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែតំបន់សមុទ្រចិនខាងត្បូងនិងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានសារៈសំខាន់ជាខ្លាំងសម្រាប់សេដ្ឋកិច្ចក៏ដូចជាស្ថិរភាពដឹកនាំរបស់ចិនផងដែរ។
ជាចុងក្រោយអ្នកវិភាគរូបនេះបាននិយាយថាភាគីទាំងពីរគួរតែធ្វើការរៀបចំទំនាក់ទំនងរបស់ពួកគេឡើងវិញ ហើយម៉្យាងវិញទៀតក្រៅពីវិស័យយោធាប្រទេសទាំងពីរមានការជាប់ពាក់ព័ន្ធជាមួយគ្នាទៅវិញទៅមកនៅក្នុងវិស័យជាច្រើនផ្សេងទៀត ដូចជាការធ្វើពាណិជ្ជកម្មជាដើមដោយសហរដ្ឋអាមេរិកនៅតែបន្តជាទីផ្សារដ៏ធំមួយសម្រាប់ចិន ហើយចិនក៏នៅតែជាទីផ្សារដ៏ធំមួយលើលោកសម្រាប់អាមេរិកវិញដូចគ្នា៕