(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានទាត់ចោលការអះអាងរបស់កូរ៉េខាងជើង ដែលថារដ្ឋាភិបាលម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានលួចផ្សំគំនិតគ្នានៅក្នុងការស៊ើបអង្កេតជុំវិញករណីឃាតកម្មលើលោក គីម ជុងណាំ ត្រូវជាបងប្រុសម្ដាយទីទៃរបស់ លោក គីម ជុងអ៊ុន កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រតិកម្មរបស់ទីក្រុងសេអ៊ូល ធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសម៉ាឡេស៊ី លោក កាង ចុល បានថ្កោលទោសការស៊ើបអង្កេតរបស់ទីក្រុងគូឡាឡាំពួរថាមិនអាចទុកចិត្តបាន ពីព្រោះវាគ្រាន់តែជា «ល្បែងនយោបាយ» និងជាការផ្សំគំនិតគ្នាជាមួយទីក្រុងសេអ៊ូលតែប៉ុណ្ណោះ។ ដោយឡែកឆ្លើយតបទៅនឹងការចោទប្រកាន់នេះដែរ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានចាត់ទុកថាវាជារឿងមិនទំនង និងជាទម្លាប់របស់កូរ៉េខាងជើងទៅហើយ ដែលតែងតែនិយាយគ្មានហេតុផលបែបនេះ។
គួរបញ្ជក់ថាដោយសារតែលោក គីម ជុងណាំ កាន់លិខិតឆ្លងដែន ឈ្មោះ គីម ចុល ទីក្រុងព្យុងយ៉ាង បានអះអាងថា បុរសជាជនជាតិកូរ៉េខាងជើង ដែលត្រូវបានគេសម្លាប់នៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡំាពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ មិនមែនជាបងប្រុសរបស់លោក គីម ជុងអ៊ុន នោះទេ ខណៈរដ្ឋាភិបាលម៉ាឡេស៊ីផ្ទាល់បញ្ជាក់ថា សពនោះគឺជាលោក គីម ជុងណាំ ប្រាកដមែន។ មួយវិញទៀតបើតាមសារព័ត៌មានម៉ាឡេស៊ី កូនប្រុសលោកគីម ជុងណាំ គឺលោក គីម ហាន់សូល បានធ្វើដំណើរមកដល់ទីក្រុងគូឡាឡាំពួរកាលពីថ្ងៃចន្ទ ម្សិលមិញក៏ប៉ុន្តែព័ត៌មាននេះពុំទាន់ត្រូវបានគេទទួលស្គាល់ជាផ្លូវការនៅឡើយទេ៕