(ស៊ីរី)៖ ក្រុមសកម្មប្រយុទ្ធស៊ីរីដែលមានទំនាក់ទំនងនឹងក្រុម ISIS នៅថ្ងៃចន្ទសប្ដាហ៍នេះបានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើក្រុមឧទ្ទាម នៅភាគខាងត្បូងប្រទេសស៊ីរី ស្ថិតនៅក្បែរតំបន់ Golan Heights ជាប់ព្រំដែនរវាងអ៊ីស្រាអែល និងហ្ស៊កដានីដោយវាយណ្ដើមបានទីក្រុង និងភូមិជាច្រើន។ នេះបើតាមក្រុមប្រឆាំងស៊ីរី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា ពួកក្រុមសកម្មយុទ្ធបានបង្កើនការគ្រប់គ្រងរបស់ពួកគេនៅក្នុងដែនដី ដែលស្ថិតនៅចន្លោះស៊ីរី និងអ៊ីស្រាអែលបន្ទាប់ពីបានវាយលុកទៅលើទីក្រុង Tseel, Sahem al Golan, Adwan និងទីក្រុងTel Jamoua។ ក្រុមប្រឆាំងស៊ីរីបានបញ្ជាក់ដូច្នេះថា «ក្រុមសកម្មប្រយុទ្ធ ISIS បានបើកការវាយលុកដ៏ភ្ញាក់ផ្អើលទៅលើមូលដ្ឋានកាន់កាប់ដោយក្រុមឧទ្ទាមសេរីស៊ីរី FSA ដោយគ្មាននរណាម្នាក់អាចនឹងស្មានដល់ ពីការវាយលុកដ៏លឿនបែបនេះឡើយ»។
គួរបញ្ជាក់ថាក្រុម ISIS អាចវាយដណ្ដើមបានទីក្រុង Jamla Ain Zakar, Nafaa និងទីក្រុង al Shajra ហើយមិនតែប៉ុណ្ណោះក្រុមភេរវករមួយនេះក៏បានដាក់ពង្រាយរថក្រោះ និងរថពាសដែកជាច្រើនគ្រឿងផងដែរ ដើម្បីត្រៀមវាយលុកទៅលើទីក្រុង ឬភូមិនៅក្បែរទីក្រុងទំាងនេះឲ្យបានកាន់តែច្រើនបន្ថែមទៀត៕