(សេអ៊ូល)៖ វាជាលើកដំបូងបំផុតក្នុងរយៈពេលមួយសប្តាហ៍ ក្រោយឃាតកម្មដ៏កក្រើកពិភពលោក ដោយក្រសួងការពារជាតិកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ «ចោទប្រកាន់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងតែម្តងថា ជាអ្នកបញ្ជាឲ្យរៀបចំធ្វើឃាតបងប្រុសរបស់ខ្លួនគឺលោក គីម ជុងណាំ» នៅទីក្រុងគូឡាំឡាំពួរប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង ដែលត្រូវបានបញ្ជូនទៅកាន់រដ្ឋសភានៅព្រឹកថ្ងៃអង្គារនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ដូច្នេះថា «លោក គីម ជុងអ៊ុន គឺជាអ្នកនៅពីក្រោយអំពើឃាតកម្មលើបងប្រុសខ្លួនឯង»។ បន្ថែមពីនេះយោធាកូរ៉េខាងត្បូងក៏នឹងតាមដែនផងដែរចំពោះការធ្វេសប្រហែស នៃរបបដឹកនាំកូរ៉េខាងជើង ជាពិសេសលើការបង្វឹកទាហានប្រកបដោយភាពព្រៃផ្សៃ។
គួរបញ្ជាក់ថារដ្ឋាភិបាលកូរ៉េខាងត្បូង ដែលជាអ្នកដឹងរឿងសម្ងាត់របស់កូរ៉េខាងជើងច្រើនជាងគេនោះបានបញ្ចេញ ព័ត៌មាន បន្តបន្ទាប់ជុំវិញករណីឃាតកម្មលើលោក គីម ជុងណាំ ជាពិសេសក្រោយពីការស្លាប់របស់លោកភ្លាមៗ ដែលលិខិតឆ្លងដែនមានឈ្មោះ គីម ចុល (Kim Chol) នោះក៏ត្រូវបានកូរ៉េខាងត្បូងធានាថាជាលោក គីម ជុងណាំ យ៉ាងពិតប្រាកដផងដែរដោយសារតែបងប្រុសឪពុកតែមួយម្តាយទីទៃរូបនេះបានប្រើប្រាស់ឈ្មោះទីពីរ ដើម្បីគេចចេញពីការចាប់អារម្មណ៍។
សម្រាប់ការចោទប្រកាន់ខាងលើនេះ ភ្លាមៗមិនទាន់មានការឆ្លើយតបណាមួយពីសំណាក់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនោះឡើយ៕