(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្តែងនូវទុក្ខក្រៀមក្រំបំផុត និងភ្ញាក់ភ្អើលជាខ្លាំងផងដែរនៅពេលបានទទួលដឹងពីព័ត៌មាននៃការទទួលមរណភាពរបស់លោក Vitaly Churkin ដែលជាអ្នកតំណាងអចិន្រ្តៃយ៍របស់ប្រទេសរុស្ស៊ីប្រចាំនៅស្ថាប័នកំពូលអន្តរជាតិ ដែលមានទីស្នាក់កាលនៅបុរីញូយ៉កសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថាលោក Vitaly Churkin ដែលមានមុខតំណែងជាអ្នកតំណាងអចិន្រ្តៃយ៍របស់ប្រទេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម៉្លេះនោះ បានទទួលមរណភាពដោយសារជំងឺគាំងបេះដូងនៅក្នុងទីក្រុងញូយ៉កនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅក្នុងសហរដ្ឋអាមេរិក) ក្នុងវ័យ៦៤ឆ្នាំ គឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះនៅមុនខួបកំណើតទី៦៥ឆ្នាំរបស់លោក។
ក្រៅពីប្រមុខអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាមិត្តរុស្ស៊ីជាច្រើនទៀតក៏បានចូលរួមសម្តែងមរណទុក្ខ និងបានរំលឹកពីវីរភាពព្រមទាំងស្នាដៃជាច្រើនដែលតំណាងកំពូលរុស្ស៊ីខាងលើនេះសម្រេចបានក្នុងតួនាទីរបស់លោកផងដែរ៕