(ស៊ីដនី)៖ បន្ទាប់ពីបានហោះឡើងតែបន្តិចប៉ុណ្ណោះ យន្តហោះឯកជនធុនតូចរបស់ក្រុមហ៊ុន Beechcraft ដែលមានផ្ទុកមនុស្សចំនួនប្រាំនាក់នៅលើនោះ បានធ្លាក់ទៅបុកនឹងផ្សារទំនើបមួយកន្លែងដែលស្ថិតនៅក្បែរអាកាសយានដ្ឋាន Essendon Fields ភាគខាងត្បូងទីក្រុង Melbourne ក្នុងរដ្ឋ Victoria នៃប្រទេសអូស្ត្រាលី ហើយអាជ្ញាធរនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកដំណើរលើយន្តហោះពុំមាននរណាម្នាក់នៅរស់រានមានជីវិតឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា យន្តហោះខាងលើបានហោះចេញពីអាកាសយានដ្ឋាន Essendon ដែលស្ថិតក្នុងទីក្រុង Melbourne នាម៉ោង៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងទីក្រុងស៊ីដនី) ដោយមានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់កោះ King Island ដ៏មានប្រជាប្រិយភាពដែលមានទីតាំងស្ថិតនៅក្បែរឆ្នេរភាគពាយ័ព្យនៃទីក្រុង Tasmania។ ក្រោយមកបន្ទាប់ពីហោះចាកចេញពីព្រលានយន្តហោះបានបន្តិចយន្តហោះនោះក៏បានជួបប្រទះបញ្ហាម៉ាស៊ីនដ៏ធ្ងន់ធ្ងរមួយ ហើយបានធ្លាក់ទៅបុកឃ្លាំងផ្ទុកទំនិញនៅឯផ្សារទំនើប DFO និងធ្វើឲ្យមានការផ្ទុះឆាបឆេះឡើងយ៉ាងខ្លាំងក្លាតែម្តង។
គួរបញ្ជាក់ថាបើយោងតាមអាជ្ញាធររដ្ឋ Victoria ផ្ទាល់មនុស្សចំនួនប្រាំនាក់ដែលស្ថិតនៅលើយន្តហោះនោះ ពុំនរណាម្នាក់បានរួចរស់ជីវិតពីសោកនាដកម្មដ៏អាក្រក់មួយនេះឡើយ៕