(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងលោក Herbert Raymond McMaster ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្មីជំនួស លោក Michael Flynn ដែលបានលាលែងពីតំណែងកាលពីថ្ងៃទី១៣ ខែកុម្ភៈ បន្ទាប់ពីផ្ទុះរឿងអាស្រូវនៃទំនាក់ទំនងសម្ងាត់ជាមួយនឹងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក McMaster ជាយោធាអាមេរិកម្នាក់ដែលធ្លាប់បានចូលរួមនៅក្នុងសង្រ្គាមឈូងសមុទ្រហ្គូលឆ្នាំ១៩៩១ ហើយបន្ទាប់មកលោកបានបម្រើ ការងារនៅក្នុងជួរកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ក្រោយរបប លោក សាដាំហូសេន ដួលរលំ។ បន្ថែមពីលើនេះ បុរសវ័យ៥៤ឆ្នាំរូបនេះ ក៏បានចូលរួមផងដែរនៅក្នុងកងកម្លាំងជំនួយអន្តរជាតិផ្នែកសន្តិសុខ នៅទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន។
ជុំវិញការតែងតាំងនេះដែរថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯឆ្នេរ West Palm Beach នៃរដ្ឋផ្លូរីដា លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «គាត់ (លោក McMaster) បានទទួលការគោរពពីមនុស្សគ្រប់គ្នានៅក្នុងយោធាអាមេរិក ហើយយើងពិតជាមានកិត្តិយស ដែលបានធ្វើការងារជាមួយគាត់ជាមនុស្សម្នាក់មានសមត្ថភាពពិសេស និងបទពិសោធន៍មិននឹកស្មានដល់»។
គួររំលឹកថាលោក Michael Flynn បានបង្ខំចិត្តលាលែងពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិ ក្រោយលេចលឺរឿងអាស្រូវនិយាយទូរស័ព្ទជាមួយអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនៃអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា ប្រឆាំងនឹងទីក្រុងមូស្គូសម្រាប់ការ ជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក៕