(អាល្លឺម៉ង់)៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានលុបចោលគម្រោងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអាល់ហ្សេរី នៅថ្ងៃចន្ទម្សិលមិញនេះ ដោយសារតែប្រធានាធិបតីអាល់ហ្សេរី លោក Abdelaziz Bouteflika មិនអាចធ្វើជំនួបជាមួយបាន ដោយសារតែលោកមានជំងឺរលាកទងសួត។ នេះបើតាមរបាយការណ៍ ពីការិយាល័យប្រធានាធិបតីអាល់ហ្សេរី ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោកស្រី Merkel គ្រោងនឹងទស្សនកិច្ចទៅកាន់អាល់ហ្សេរី នៅថ្ងៃចន្ទដោយវាគឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ច ទៅកាន់តំបន់អាហ្វ្រិកខាងជើង របស់លោកស្រី។ នេះបើតាមរបាយការណ៍ ពីការិយាល័យប្រធានាធិបតី។
លោក Bouteflika ប្រធានាធិបតីអាល់ហ្សេរី បានកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅក្នុងឆ្នាំ២០១៣ ហើយបច្ចុប្បន្ននេះកម្របង្ហាញខ្លួន នៅទីសាធារណៈណាស់ភាគច្រើនបង្ហាញខ្លួន តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្នុងជំនួបជាមួយប្រតិភូ ដែលមកបំពេញទស្សនកិច្ច៕