(បាដាត)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជែម ម៉ាតធីស (James Mattis) បានអះអាងថា យោធាអាមេរិកមិនមែន ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីរឹបអូសប្រេងពីនរណាម្នាក់នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោក ម៉ាតធីស ធ្វើឡើងនៅមុនពេលធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងបាដាត នៅថ្ងៃចន្ទនេះ។ លោក ម៉ាតធីស បានលើកឡើងនៅ ចំពោះមុខក្រុមអ្នកសារព័ត៌មានដូច្នេះថា៖ «ខ្ញុំគិតថាយើងទាំងអស់គ្នានៅក្នុងបន្ទប់នេះ យើងទំាងអស់គ្នានៅសហរដ្ឋអាមេរិក បានចំណាយជាទូទៅសម្រាប់ ឧស្ម័ននិងប្រេងរបស់យើងគ្រប់ពេលវេលា ហើយខ្ញុំជឿជាក់ថា យើងនឹងបន្តធ្វើដូចនេះនៅពេលអានាគត (...) យើងមិនមែននៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីរឹបអូស ប្រេងពីនរណាម្នាក់នោះទេ»។
គួរបញ្ជាក់ថា លោក ជែម ម៉ាតធីស បានធ្វើដំណើរទៅដល់ទីក្រុងបាដាត នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាជាមួយមេដឹកនាំ អ៉ីរ៉ាក់ស្ដីពីប្រតិបត្តិការយោធាវាយកម្ទេច ក្រុម ISIS ខណៈកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងជាប់ដៃប្រយុទ្ធវាយយកទីក្រុង Mosul ពីពួកភេរវករនេះមកវិញ៕