(គូឡាឡាំពួរ)៖ កូនប្រុសរបស់លោក គីម ជុងណាំ ដែលត្រូវបានឃាតករសម្លាប់កាលពីសប្ដាហ៍មុន នៅឯព្រលានយន្ដហោះ អន្តរជាតិ ទីក្រុងគូឡាឡាំពួរ ទំនងធ្វើដំណើរមកដល់រដ្ឋធានី នៃប្រទេសម៉ាឡេស៊ី នៅល្ងាចថ្ងៃចន្ទនេះ។ នេះបើតាមព័ត៌មានពីក្រុមហ៊ុនអាកាសចរណ៍ ចុះផ្សាយបន្តដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ព័ត៌មានដដែលបានបញ្ជាក់ទៀតថា លោក គីម ហាន់សូល ទំនងបានធ្វើដំណើរមកដល់ទីក្រុងគូឡាឡាំពួរ តាមជើងហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍ AirAsia ពីទីក្រុងម៉ាកាវ ហើយការមកដល់នេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ី ប្រកាសថានឹងប្រគល់សាកសពលោក គីម ជុងណាំ ត្រឡប់ទៅវិញ បើសិនជាក្រុមគ្រួសារ សាច់ញាតិរបស់លោកយល់ព្រមផ្ដល់គំរូ DNA។ កូរ៉េខាងជើងក៏បានស្នើសុំសាកសពលោក គីម ជុងណាំ ផងដែរ ក៏ប៉ុន្តែត្រូវបានបដិសេធ។
ការបដិសេធនេះត្រូវបានទីក្រុង ព្យុងយ៉ាង រិះគន់យ៉ាងខ្លាំងរហូតដល់អះអាងថា ការស៊ើបអង្កេតនៃប៉ូលិសម៉ាឡេស៊ី មិនអាចទុកចិត្តបាន ព្រមទំាងនិយាយថា សាកសពបុរសកូរ៉េខាងជើងម្នាក់នោះ មិនមែនជាលោក គីម ជុងណាំ ទៀតផង។
គួរបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ី នឹងធ្វើការលាតត្រដាងឲ្យដឹងអំពីលទ្ធផលនៃការធ្វើកោសល្យវិច័យ ទៅលើសព លោក គីម ជុងណាំង នៅថ្ងៃពុធសប្តាហ៍នេះ៕