(គូឡាឡាំពួរ)៖ ជនសង្ស័យជាជនជាតិកូរ៉េខាងជើងចំនួន០៣រូប ក្នុងចំណោមមុខសញ្ញា០៤រូបដែលត្រូវបានគេសង្ស័យថា បានរត់ទៅដល់ប្រទេសកូរ៉េខាងជើងវិញទៅហើយនោះ ត្រូវបានប៉ូលិសសហព័ន្ធម៉ាឡេស៊ីអះអាងថា គឺជាក្រុមដែលរៀបចំគំរោងសម្លាប់លោក គីម ជុងនាំ បងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើងតែម្តង ដែលបានប្រព្រឹត្តទៅនៅព្រលានយន្តហោះម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាមប្រភពព័ត៌មាន Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ការអះអាងរបស់ប្រភពពីមន្ត្រីប៉ូលិសម៉ាឡេស៊ីខាងលើនេះ ធ្វើឡើងចំពោះក្រុមជនសង្ស័យជាជនជាតិកូរ៉េខាងជើងដូចជា លោក Ri Jae Nam, Hong Song Hac, និង Ri Ji Hyon បានធ្វើដំណើរចាកចេញពីទីក្រុងហ្សាការតាទាំងយប់ ទៅកាន់ទីក្រុងឌូបៃនៅម៉ោង ១០៖២០នាទីយប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃកើតហេតុតែម្តង។ ព័ត៌មានលម្អិតបន្ថែមស្តីពីជនទាំងបួនខាងលើនេះនៅមិនទាន់មានការបញ្ជាក់បន្ថែមនោះឡើយ៕