(សិង្ហបុរី)៖ អាជ្ញាធរសិង្ហបុរីនឹងតម្លើងតម្លៃទឹក៣០ភាគរយទៀត ហើយដែលនេះគឺជាការតម្លើងថ្លៃ ជាលើកដំបូងបំផុតក្នុងរយៈពេល១៧ឆ្នាំចុងក្រោយនេះ។ នេះបើតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុសិង្ហបុរី លោក Heng Swee Keat ដកស្រង់ដោយសារព័ត៌មាន Straitstimes នៅរសៀលថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមលោក Heng Swee Keat បូករួមបញ្ចូលទាំងពន្ធ តម្លៃទឹកនឹងត្រូវបង្កើនដល់៣០ភាគរយ ដោយចែកចេញជាពីរដំណាក់កាល ពោលគឺដំណាក់កាលទី១ នឹងចាប់ផ្ដើមពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៧ និងដំណាក់កាលទី២នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដាឆ្នាំបន្ទាប់ (២០១៨)។ លោកបានបន្ថែមថា «តម្លៃទឹកត្រូវបានកែប្រែជាលើកចុងក្រោយកាលពីឆ្នាំ២០០០។ ដូច្នេះយើងគួរតែធ្វើបច្ចុប្បន្នភាពលើតម្លៃទឹករបស់យើង ដើម្បីគិតគូរឡើងវិញពីតម្លៃសេវាកម្មផ្គត់ផ្គង់ទឹក»។
គួរបញ្ជាក់ថាការតម្លើងតម្លៃទឹកនេះ នឹងស្ថិតនៅក្រោម ២៥ដុល្លារក្នុងមួយខែសម្រាប់បីភាគបួននៃសហគ្រាស និង១៨ដុល្លារក្នុងមួយខែ សម្រាប់បីភាគបួននៃការ ប្រើប្រាស់ទឹកនៅក្នុងផ្ទះ។ បច្ចុប្បន្នតម្លៃរបស់ការប្រើប្រាស់ទឹកស្អាតនៅក្នុងប្រទេសិង្ហបុរីត្រូវបានកំណត់ជាថ្នាក់ៗ ដោយអាស្រ័យលើថា តើទឹកនោះសម្រាប់ប្រើប្រាស់ក្នុងស្រុក ឬមួយក៏សម្រាប់ការនាំចេញក្រៅស្រុក។ សម្រាប់ប្រជាជនដែលជាអ្នកប្រើប្រាស់ក្នុងស្រុកអាចបង់ថ្លៃបានពីររបៀបរួមមាន ជម្រើស០.៨៧ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រគុប (ក្រោម៤០ម៉ែត្រគុប) ឬ០.៩៩ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រគុប (លើស៤០ម៉ែត្រគុប) ដោយអាស្រ័យទៅលើកម្រិតនៃការប្រើប្រាស់៕