(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ីអាចធ្វើការលាតត្រដាងឲ្យដឹងអំពីលទ្ធផលនៃការធ្វើកោសល្យវិច័យទៅលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់ប្រមុខដឹកនាំកំពូលផុតលេខនៃប្រទេសកូរ៉េខាងជើង នៅក្នុងថ្ងៃពុធសប្តាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
បន្ទាប់ពីត្រូវបានចោទសួរពីសំណាក់ក្រុមអ្នកសារព័ត៌មានថា តើលទ្ធផលកោសល្យវិច័យនឹងត្រូវចេញនាពេលណានោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីលោក Subramaniam Sathasivam បានឆ្លើយតបថា លទ្ធផលនៃការធ្វើកោសល្យវិច័យលើសាកសពលោក គីម ជុងណាំ អាចនឹងហើយសព្វគ្រប់រួចរាល់នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីបញ្ចប់ការធ្វើកោសល្យវិច័យទៅលើសាកសព។ ម៉្យាងវិញទៀតអាជ្ញាធរម៉ាឡេស៊ីបានផ្តល់ឱកាសឲ្យក្រុមគ្រួសារកូនចៅរបស់ជនរងគ្រោះ គីម ជុងណាំ រយៈពេលពីរសប្តាហ៍ដើម្បីចេញមុខជួយដល់ការស៊ើបអង្កេតជុំវិញករណីឃាតកម្មដ៏កក្រើកមួយនេះផងដែរ។
គួរបញ្ជាក់ថាកាលពីថ្ងៃសុក្រសប្តាហ៍មុន ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក កាង ចុល បានសង្កត់ធ្ងន់ថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងមិនទទួលស្គាល់លទ្ធផលនៃការធ្វើកោសល្យវិច័យរបស់អាជ្ញាធរម៉ាឡេស៊ីឡើយ ដោយសារតែវាត្រូវបានធ្វើឡើងដោយគ្មានវត្តមានក៏ដូចជាការចូលរួមពីសំណាក់មន្រ្តីរបស់កូរ៉េខាងជើងហើយលោក កាង បានធ្វើការទាមទារឲ្យម៉ាឡេស៊ីប្រគល់សាកសពលោក គីម ជុងណាំ ទៅដល់ដៃកូរ៉េខាងជើងជាបន្ទាន់ ដោយបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងគូឡាឡាំពួរថា បានព្យាយាមអូសបន្លាយពេល និងរៀបចំផែនការអាក្រក់ដើម្បីបង្កការគំរាមកំហែងដល់របបដឹកនាំទីក្រុងព្យុងយ៉ាង។
ដោយឡែកបន្ទាប់ពីការបង្ហាញខ្សែវីដេអូនៃសកម្មភាពធ្វើឃាតលើលោក គីម ជុងណាំ បងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើងនោះ ក្រសួងការបរទេសម៉ាឡេស៊ីបានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំពួរ ព្រមទាំងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាងឲ្យមកជួបពិភាក្សាគ្នាជុំវិញករណីឃាតកម្ម ដែលពិភពលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតនេះផងដែរ៕