(ម៉ានីល)៖ កម្មករម្នាក់នៅ​លើទូកវៀតណាម​បានស្លាប់ និង០៧អ្នកត្រូវ​បានចាប់ជម្រិត​ដោយចោរសមុទ្រ​ដែលត្រូវបាន​អាជ្ញាធរហ្វីលីពីន​សង្ស័យថា ជាទង្វើរបស់​ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម​ស្ថិតនៅដែន​សមុទ្រសូលូ ចម្ងាយជាង​២០គីឡូម៉ែត្រក្បែរ​កោះ Baguan នៃភាគខាងត្បូង​​ប្រទេស​ហ្វីលីពីន។ នេះ​បើ​តាមការ​ចេញ​ផ្សាយ​​នៅមុន​នេះ​បន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើងនៅយប់​ថ្ងៃអាទិត្យ ដោយ​ឆ្មាំការពារដែនសមុទ្រហ្វីលីពីន​បាន​ទទួល​សារ​ពីកងល្បាត​ដែនសមុទ្រ​វៀតណាម​នៅយប់ថ្ងៃអាទិត្យ ដើម្បីឲ្យចាត់ទូក​ល្បឿនលឿន​ចំនួនពីរគ្រឿង​និងកងល្បាត​ដែនសមុទ្រមួយចំនួន​ទៅកាន់តំបន់កើតហេតុ​ខាងលើនេះ។ ជាលទ្ធផល​ជនជាតិវៀតណាម ១៧នាក់​ត្រូវបានជួយសង្គ្រោះ ខណៈម្នាក់ស្លាប់ និង០៧នាក់ផ្សេងទៀតត្រូវ​បានចាប់ជម្រិត។

រហូតមកដល់ពេលនេះ​ពុំទាន់មានព័ត៌មាន​បន្ថែមពីជន​ ដែលត្រូវបានចាប់ជម្រិត​នោះឡើយ ប៉ុន្តែអាជ្ញាធរ​ហ្វីលីពីន​បានដាក់ការ​សង្ស័យលើ​ក្រុមឧទ្ទាមអាប៊ូសាយ​យ៉ាហ្វ ដែលនៅពីក្រោយ​ពួកសកម្មប្រយុទ្ធ​​អ៊ីស្លាម មានមូលដ្ឋាន​នៅតំបន់​កោះ Basilan ដ៏ដាច់ស្រយាល​នៅភាគខាងត្បូង​ហ្វីលីពីន។ សកម្មភាពចោរ​សមុទ្រ​បានកក្រើកឡើងវិញ​ជាខ្លាំងក្រោយពី​ ហ្វីលីពីន, ម៉ាឡេស៊ី, និងឥណ្ឌូណេស៊ី​សម្រេចចិត្ត​ផ្អាកកិច្ច​ព្រមព្រៀងស្តី​ពីការទប់ស្កាត់​ចោរសមុទ្រនៅ​តាមព្រំដែន៕