(ហ្សាការតា)៖ មន្រី្តអន្តោប្រវេសន៍​ឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទនេះ​ថា បុរសជាជនជាតិ​​កូរ៉េខាងជើង​០៣នាក់ ក្នុងចំណោម​០៤នាក់ ដែលជាប់​សង្ស័យមាន​ពាក់​ព័ន្ធនឹង​អំពើឃាតកម្ម​លើលោក គីម ជុងណាំ បានចាកចេញ​តាមជើងហោះហើរ​មួយពី​ទីក្រុង​ហ្សាការតា ទៅកាន់​ទីក្រុងឌូបៃ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីយប់​នៃថ្ងៃមានឃាតកម្មនេះ​កើតឡើង។ នេះបើ​តាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia ​នៅរសៀលថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

មន្ត្រីដដែល​បានដឹងទៀតថា​ជនសង្ស័យមាន​ឈ្មោះ Ri Jae Nam, Hong Song Hac និងRi Ji Hyon បានចាកចេញពី​ទីក្រុងហ្សាការតា ឆ្ពោះទៅកាន់​ទីក្រុងឌូបៃ តាមជើង​ហោះហើរ EK0359 នៃក្រុមហ៊ុន​អាកាសចរណ៍ Emirate នៅម៉ោង​១០៖២០នាទីយប់ (ម៉ោងនៅ​ក្នុងតំបន់) កាលពី​ថ្ងៃចន្ទ កន្លងទៅ។

គួរបញ្ជាក់ថា​កាលពីថ្ងៃអាទិត្យ ប៉ូលិសម៉ាឡេស៊ី​បានបញ្ជាក់ថា ខ្លួនកំពុងតាម​រកជនសង្ស័យ០៤នាក់ ជាជនជាតិ​កូរ៉េខាងជើង ដែលបាន​ចាកចេញពី​ប្រទេស​បន្ទាប់ពី លោក គីម ជុងណាំ ត្រូវបានគេ​ធ្វើឃាត នៅឯព្រលាន​យន្ដហោះ​អន្តរជាតិ​ទីក្រុង​គូឡាឡាំពួរ កាលពី​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ។ ជាងនេះទៅ​ទៀត​បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី The Star​ ជនសង្ស័យ​ទំាង០៤​នាក់នេះ បានត្រឡប់​ទៅកាន់កូរ៉េខាងជើង​វិញ ដោយកាត់តាម​ទីក្រុងហ្សាការតា ឌូបៃ និងទីក្រុង​វ្ល៉ាឌីវ៉ូស្ដុក នៃ​ប្រទេស​រុស្ស៊ី៕