(បាងកក)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងមួយខ្សែ និងរថយន្តមួយគ្រឿងបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង០៣នាក់ទៀតរងរបួសនៅខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
តាមការដកស្រង់ព័ត៌មានបន្ថែមពីបាងកកប៉ុស្តិ៍ គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យដោយរថយន្តមួយគ្រឿងបានបើកឡើងផ្លូវរថភ្លើង រួចក៏ត្រូវរភ្លើងដែលកំពុងបោះពួយយ៉ាងលឿនបុកចំមួយទំហឹងតែម្តងបណ្តាលឲ្យអ្នកជិះនៅលើរថយន្តម្នាក់ស្លាប់ និងអ្នករួមដំណើរ០៣នាក់ទៀតរងរបួសធ្ងន់ និងស្រាលដែលអ្នកស្លាប់គឺជាតៃកុងឡាន (ស្លាប់ពេលទៅដល់មន្ទីរពេទ្យ)។
គួរបញ្ជាក់ថារថយន្តត្រូវបានសមត្ថកិច្ចថៃអះអាងថា ខ្ទេចខ្ទីអស់តែម្តង ខណៈរថភ្លើងបានខូចខាតតែផ្នែកមុខបន្តិចបន្តួចប៉ុណ្ណោះ។ សមត្ថកិច្ចបន្ថែមទៀតថា នៅពេលគ្រោះថ្នាក់កើតឡើងនោះគឺកន្លែងរថយន្តឆ្លងកាត់ផ្លូវរថយន្តភ្លើងពុំបានដាក់របាំងការពារសុវត្ថិភាពនោះឡើយ។ របាយការណ៍ពីអន្តរជាតិឲ្យដឹងថាជារៀងរាល់ឆ្នាំមានចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសថៃ មិនក្រោម ២៤,០០០នាក់នោះឡើយ៕