(ម៉ានីល)៖ សិស្សសាលាយ៉ាងហោចណាស់១០នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នៅឯប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះ បន្ទាប់ពីរថយន្ដក្រុងដឹកពួកគេទំាងនេះបានរេចង្កូតទៅបុកបង្គោលភ្លើងមួយលាន់ដូចរន្ទះបាញ់នៅតាមផ្លូវ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
រថយន្ដក្រុងខាងលើបានជួបគ្រោះថ្នាក់នៅអំឡុងពេលធ្វើដំណើរតាមផ្លូវក្នុងទីក្រុង Tanay នៃខេត្ត Rizal ស្ថិតនៅភាគខាងកើតទីក្រុងម៉ានីល។ ក៏ប៉ុន្តែក្រោយមកស្រាប់តែរថយន្ដក្រុងនេះបាត់បង់ការគ្រប់គ្រង ហើយក៏រេចង្កូតទៅបុកបង្គោលភ្លើងតែម្ដង។ ដោយឡែកថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ ABS-CBN ប្រធានគ្រប់គ្រងនិងកាត់បន្ថយហានិភ័យ លោក Carlos Inofre បានឱ្យដឹងថា រថយន្ដក្រុងដឹកសិស្សមកពីសាលា Bestlink College Novaliches មានគោលបំណងធ្វើដំណើរទៅកាន់រម្មណីយដ្ឋានមួយកន្លែងក្នុងទីក្រុង Tanay។
ទោះបីជាយ៉ាងណាក៏ដោយមូលហេតុជាក់នៃគ្រោះថ្នាក់ចរាចរណ៍នេះ ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ រួមទាំងចំនួនមនុស្សរងរបួស៕