(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនកំពុងរៀបចំគំរោងអូសទាញមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងមកកាន់សហរដ្ឋអាមេរិក ដើម្បីចូលអង្គុយតុចរចាគ្នាជាមួយអតីតមន្រ្តីអាមេរិក ដែលជាជំនួបលើកដំបូងបំផុតនៅក្នុងរយៈពេលច្រើនជាងប្រាំឆ្នាំកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានស្រង់សេចក្តីរាយការណ៍របស់កាសែត Washington Post។
យោងតាមសេចក្តីរាយការណ៍របស់ Washington Post ដែលផ្អែកលើបុគ្គលមួយចំនួនមានចំណេះដឹងជុំវិញបញ្ហានេះឲ្យដឹងថា គំរោងសម្រាប់កិច្ចចរចាដែលមានឈ្មោះថា «Track 1.5» កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយទេ ហើយការចរចាលើកនេះនឹងក្លាយជាសញ្ញាដ៏ច្បាស់បំផុតដែលបង្ហាញថាប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏មានបំណងចង់ធ្វើការទាក់ទងជាមួយរដ្ឋាភិបាលអាមេរិកថ្មីក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ផងដែរ។
ជាមួយគ្នានេះឈ្មោះរបស់គំរោងខាងលើដែលឆ្លុះបញ្ចាំងពីការធ្វើទំនាក់ទំនងគ្នារវាង អតីតមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្នរបស់កូរ៉េខាងជើងនោះ គឺត្រូវបានបង្កើតឡើងដោយយោងទៅតាមឈ្មោះនៃកិច្ចចរចាដែលត្រូវបានគេស្គាល់ថា «Track 2» ដែលមានការចួលរួមពាក់ព័ន្ធពីសំណាក់អតីតមន្រ្តីរដ្ឋាភិបាលនៃភាគីទាំងសងខាង (អាមេរិក-កូរ៉េខាងជើង)។
ប្រភពសារព័ត៌មានដដែលបានឲ្យដឹងថាក្រសួងការបរទេសអាមេរិកក៏មិនទាន់បានផ្តល់ការអនុញ្ញាតចំពោះទិដ្ឋាការរបស់មន្រ្តីកូរ៉េខាងជើងសម្រាប់កិច្ចចរចា «Track 1.5» នេះនៅឡើយទេ។ ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាមានតែជំនួបពិភាក្សា «Track 2» ប៉ុណ្ណោះដែលតែងតែត្រូវបានធ្វើឡើងជាប្រចាំស្តីពីប្រធានបទជាច្រើនជុំវិញពិភពលោក ហើយបានប្រព្រឹត្តទៅដោយឯករាជ្យពីរដ្ឋាភិបាលសហរដ្ឋអាមរិក។ បន្ថែមពីនេះមន្រ្តីម្នាក់ប្រចាំនៅសេតវិមានបានធ្វើការអធិប្បាយថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពុំមានគំរោងក្នុងការជួបជាមួយកូរ៉េខាងជើងនោះឡើយ។
គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់របបដឹកនាំទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ បានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមអន្តរជាតិកាលពីសប្តាហ៍មុននេះ ហើយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រោយការធ្វើតេស្តមីស៊ីលនោះដូច្នេះថា «ជាក់ស្តែង ប្រទេសកូរ៉េខាងជើងគឺជាបញ្ហាដ៏សែនធំមហិមាមួយ ដែលយើងត្រូវធ្វើការដោះស្រាយប្រកបដោយភាពប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់ជាទីបំផុត»៕