(គូឡាឡាំពួរ)៖ បន្ទាប់ពីការបង្ហាញខ្សែវីដេអូនៃសកម្មភាពធ្វើឃាតលើលោក គីម ជុងណាំ បងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើងនោះ ក្រសួងការបរទេសម៉ាឡេស៊ីបានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុង គូឡាឡាំពួរមកជួបពិភាក្សាគ្នាជុំវិញករណីឃាតកម្ម ដែលពិភពលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ការកោះហៅខាងលើនេះត្រូវបានធ្វើឡើងដោយលោក Nushirwan Zainal Abidin អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការទ្វេភាគីនៃក្រសួងការបរទេសម៉ាឡេស៊ី ដើម្បីឲ្យឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក កាង ចុល (Kang Chol) ធ្វើការបកស្រាយបំភ្លឺអំពីការចោទប្រកាន់របស់លោកមកលើការស៊ើបអង្កេតរបស់អាជ្ញាធរម៉ាឡេស៊ីជុំវិញករណីឃាតកម្មរបស់លោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថានៅក្នុងសេចក្តីថ្លែងការណ៍ដោយប្រើពាក្យសម្តីធ្ងន់ៗកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ លោក កាង ចុល បានធ្វើការចោទប្រកាន់ទៅលើរដ្ឋាភិបាលម៉ាឡេស៊ីថាបាន «ព្យាយាមបិទបាំងអ្វីម្យ៉ាង» នៅក្នុងការស៊ើបអង្កេតរបស់ខ្លួនជុំវិញករណីឃាតកម្មលើបងប្រុសលោក គីម ជុងអ៊ុន និងមានចេតនាអូសបន្លាយពេលវេលាដោយមិនព្រមធ្វើការប្រគល់សាកសពលោក គីម ជុងណាំ ហើយថែមទាំងបានធ្វើកោសល្យវិច័យដោយចិត្តឯងទៀតផង។
ដោយឡែកក្រោយពេលបានជួបជាមួយលោក កាង ចុល ក្រសួងការបរទេសជួសមុខឲ្យរដ្ឋាភិបាលម៉ាឡេស៊ីបានចាត់ទុកថា «ការចោទប្រកាន់ក៏ដូចជារិះគន់របស់លោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើងកាលពីសប្តាហ៍មុនត្រូវបានធ្វើឡើងដោយគ្មានគោលការណ៍មូលដ្ឋានច្បាស់លាស់នោះឡើយ»។ ម៉្យាងវិញទៀតក្រសួងដដែលបានឲ្យដឹងដែរថា ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាង ក៏ត្រូវបានហៅឲ្យវិលត្រឡប់មកកាន់រដ្ឋធានីគូឡាឡាំពួរផងដែរដើម្បីធ្វើការពិគ្រោះយោបល់៕